រាជធានី​ភ្នំពេញ ៖ លោក កែវ សុធា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​រង​ធានី​ភ្នំពេញ និង​ជា​តំណាង​អយ្យការ​កាន់​សំណុំរឿង​នេះ បាន​សម្រេច​ដោះ​លែង​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ របស់​លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាង​៧​ម៉ឺន​ដុល្លារ ។​

​បើ​យោង​តាម​ប្រភព​ពី​មន្ដ្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះ​លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដោយសារ​ជន​រង​គ្រោះ​ដក​ពាក្យបណ្ដឹង​វិញ ។​

​សមត្ថកិច្ច ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កាយ ម៉េ​ង អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។​

​គួរ​រម្លឹក​ថា ចាប់ខ្លួន​បុរស​ម្នាក់ ឆបោក​ប្រាក់​លោក ញឹក ប៊ុ​ន​ឆៃ ជាង​៧​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ A ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្ដកំពង់ធំ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដោយ​ប្ដឹង​ពី​ឈ្មោះ កាង ម៉េ​ង និង​បក្ខពួក​ម្នាក់​ទៀត ពាក់ព័ន្ធ​ករណី​ខ្ចី​លុយ តែ​ព្យាយាម​គេចវេស​មិន​ព្រម​សង ៕