រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានហេតុការណស៍ដ៏រន្ធត់ញាក់សាច់មួយបានកើតឡើង ដោយមានដុំដែកយ៉ាងធំមួយធ្លាក់ចេញពីអគារកម្ពស់៤២ជាន់ នៅក្បែរស្ដុបពេទ្យចិន ទល់មុខវិទ្យាល័យព្រះយុគន្ធរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រូវចំរថយន្ដស៊េរីទំនើប១គ្រឿង ម៉ាក Mercedes-Benz S350 ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ខ្ទេចមួយកំណាត់ក្រោយធ្ងន់ធ្ងរ ។
ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានចេញបញ្ជាឲ្យផ្អាកការដ្ឋាននៅអគារកម្ពស់៤២ជាន់ (GOLD TOWER 42) ផងដែរ។ នេះជាការបញ្ជាក់របស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង។


ក្រោយមក នៅរសៀលថ្ងៃនោះដដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតសម្រេចផ្អាកដំណើរការការដ្ឋាសាងសង់ជាបណ្ដោះអាសន្ន អគារកម្ពស់ ៤២ជាន់ (GOLD TOWER 42) ដែលចុះហត្ថលេខាដោយលោក ផាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដី ។


សូមបញ្ជាក់ថា អគារ៤២ជាន់ ( GOLD TOWER 42 ) ធ្លាក់ដែកត្រូវចំរថយន្តរបស់ប្រជាពលរដ្ឋ បានកើតឡើងចំនួន២ករណីមកហើយ ដោយករណីទី១ កើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៩ មានកំណាត់ដែកថ្នាំអំពៅ ធ្លាក់ទម្លុះរថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-4994 និងលើកទី២នេះ ត្រូវចំរថយន្ដស៊េរីទំនើប១គ្រឿង ម៉ាក Mercedes-Benz S350 ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បណ្តាលឲ្យខូចខាតខ្ទេចមួយកំណាត់ក្រោយធ្ងន់ធ្ងរ តែយ៉ាងណា មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕