ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូលឿនពេក ក៍ជ្រុលចង្កូតទៅបុកឃឿនផ្លូវដួល បណ្ដាលឲ្យរងរបួសបែកមុខ ចំណែកម៉ូតូខ្ទាតទៅចូលក្រោមរថយន្តមួយគ្រឿង កិនរងការខូចខាត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងកើត តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។


សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក FUSO ប្រភេទ រថយន្តស្ទូច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 1413 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកPSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX 2577 ធ្វើដំណើរមកពីក្រោយរថយន្ត ហើយព្យាយាមវ៉ាជែងទៅខាងឆ្វេង ស្រាប់តែជ្រុលចង្កូតទៅបុកឃឿនផ្លូវបណ្តាលឲ្យដួលរងរបួសបែកមុខ។ ចំណែកម៉ូតូខ្ទាតចូលក្រោមរថយន្ត កិនអូសប្រហែល៥ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ។


ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕