ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ខឹងស្រីជាម្ចាស់បំណុលមកទារលុយជំពាក់ ស្រាប់តែផ្ទុះកំហឹងទាញពូថៅកាប់ត្រូវកខាងឆ្វេងមួយពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ទៅលើស្ត្រីរងគ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ។


សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យឈ្មោះថាច់ រដ្ឋា អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំខាងលើ។
ចំណែកជនរងគ្រោះឈ្មោះ ព្រាប យ៉ុង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំជាមួយគ្នា ។


មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរមកផ្ទះជនសង្ស័យដែលនៅក្បែរគ្នា ដោយសួររឿងលុយជំពាក់៣០០ដុល្លារ ថ្ងៃណាសងវិញ? បង្កឲ្យមានជម្លោះពាក្យសំដី រហូតដល់ជនសង្ស័យខឹង ក៏បានដើរទៅយកពូថៅ មកកាប់ទៅលើជនរងគ្រោះ ត្រូវកខាងឆ្វេងមួយពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្ដង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕