រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ហេតុការណ៍​ធ្លាក់​ដែក​លើ​រថយន្ត​ទំនើប​មួយ​គ្រឿង កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នោះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្រេច​ផ្អាក​ការដ្ឋាន​សំណង់​អគារ​៤២​ជាន់ GOLD TOWER 42 ជា​បណ្តោះអាសន្ន ។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​លោក ឆាន់ សូរ្យ​ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ជម្រាប​មក​លោក លី សាន់​ហ៊ី​ម តំណាង​ក្រុមហ៊ុន យ៉ុ​ន វូ (​ខេ​ម​បូ​ឌា​) ជា​ម្ចាស់​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម GOLD TOWER 42 មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​សីហ​នុ កែង​មហាវិថី​ព្រះ​មុនី​វង្ស ក្នុងភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ថា​ការដ្ឋាន​សំណង់​របស់​លោក​ត្រូវ​ផ្អាក​ការងារ​សាងសង់​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ចេញ​លិខិត​នេះ​តទៅ ។

លិខិត​ផ្អាក​ការដ្ឋាន​នេះ បានការ​ណែនាំ​ឲ្យ​ជា​ម្ចាស់​សំណង់ GOLD TOWER 42 អនុវត្ត​នូវ​ចំណុច​សំខាន់ ដូច​ខាងក្រោម ៖
ទី​១- ត្រូវ​រុះរើ​ចេញ​កន្ត្រក​យោង​សម្ភារ​ដែល​នៅ​ជាប់​តាម​បណ្តោយ​ផ្លូវ​សាធារណៈ ។
ទី​២- ត្រូវ​រក​ក្រុមហ៊ុន​ឯកទេស​ផ្នែក​សុវត្ថិភាព​ការដ្ឋាន មក​ធ្វើការ​វាយតម្លៃ និង​បញ្ជាក់​អំពី​សុវត្ថិភាព​ការដ្ឋាន​របស់​លោក ដែល​បាន​ចុះបញ្ជី​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។
និង​ទី​៣- ការដ្ឋាន​អាច​បន្ត​ការ​សាងសង់​បាន​លុះត្រាតែ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។
ក្នុង​ករណី​លោក​មិន​អនុវត្ត​តាម​លិខិត​នេះ​ទេ នោះ​លោក​នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

សូម​រម្លឹក​ថា ញាក់សាច់​ទ្រើ​ក​ៗ ! ដុំ​ដែក​យ៉ាង​ធំ​ធ្លាក់​ពីលើ​អគារ​៤២​ជាន់ ចំ​លើ​រថយន្ត​ពលករ​ដ្ឋ​ទៀត​ហើយ កាលពី​វេលា​ម៉ោង ១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ៕