រាជធានី​ភ្នំពេញ ៖ ​សមត្ថភាព និងកេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​របស់​ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​ពិភពលោក​៣​ជំនាន់​ជាប់​ៗ​គ្នា គឺ​វីរ​កីឡាការិនី កែ ឡេ​ង បាន​នឹង​កំពុង​បង្ហាញ​ភាព​អស្ចារ្យ​ជា​ថ្មី ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភព​លើក​ទី​១៧ នៅ​កម្ពុជា ធ្វើ​ឲ្យ​គូប្រកួត​គ្រប់​គ្នា​មិន​ចង់​ជួប​មនុស្ស​ម្នាក់​ដ៏​គួរ​ឲ្យ​ខ្លាចរអា​ក្នុង​វិស័យ​កីឡា​ប៉េតង់ ។

តាម​អ្នកជំនាញ​វិស័យ​កីឡា​ប៉េតង់ បាន​សង្កេត​ឃើញ​ថា គូប្រកួត​តែងតែ​មានការ​ភ័យ​ខ្លាច ពេល​មាន​វត្តមាន​របស់​វីរ​កីឡាការិនី កែ ឡេ​ង ក្នុង​ការ​ប្រកួត​ម្តង​ៗ ហើយ​គូប្រកួត​ខ្លាចរអា​មិន​ចង់​ជួប​នោះទេ ដោយសារ​សមត្ថភាព​វាយ​របស់​អ្នកស្រី កែ ឡេ​ង វាយចំ​គោលដៅ​ច្បាស់​ៗ ដោយ​គ្រាប់​ប៊ូល​ដាំ​នៅ​នឹង​មួយ​កន្លែង ។

ជាក់ស្តែង​ក្នុង​ការ​ប្រកួត​ជុំ​ទី​១ វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​នេះ នា​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ កម្ពុជា​ប៉ះ​ជាមួយ​ក្រុម​ឡេ​តូ​នី ដំបូង​ឡើយ​លោក សុខ ម៉ុង ដែល​ជា​គ្រូបង្វឹក បាន​ឲ្យ​អ្នកស្រី កែ ឡេ​ង អង្គុយ​កៅអី​បម្រុង​ក្នុង​សិត​ទី​១ ព្រោះថា ដើម្បី​ទុក​កម្លាំង​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ដោយ​ដាក់​ជំនួស​កីឡាការិនី កែវ វ​ណ្ណា​, អ៊ុ​ក ស្រី​មុំ និង​អ៊ុ​ន ស្រី ប្រកួត​នៅ​សិត​ទី​១ ក្រោយមក ឡេ​តូ​នី​នាំមុខ ៣-០ ដូច្នេះ​គ្រូ​ក៏​សម្រេចចិត្ត​ប្ដូរ​អ្នកស្រី កែ ឡេ​ង ចូល​លេង​វិញ នៅ​សិត​ទី​២ ។

គ្រាន់តែ​ឃើញ​អ្នកស្រី កែ ឡេ​ង ដូរ​ចូល​ភ្លាម​ដៃគូ​ភ័យ ហាក់​បាក់ទឹកចិត្ត​បាត់​ទៅ​ហើយ ខណៈ​ការ​ប្រកួត​មានការ​ប្រែប្រួល​តែ​ម្ដង ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ការ​ចូល​លេង​របស់​កីឡាការិនី កែ ឡេ​ង ក្រុម​ប៉េតង់​ឡេ​តូ​នី គ្មាន​ពិន្ទុ​កើតឡើង​ឡើយ តាម​រយៈ​ការ​វាយ​ច្បាស់​ៗ ចំ​គោលដៅ ទៅ​លើ​គ្រាប់​ប៊ូល ដែល​ចូល​យ៉ាង​ល្អ​នោះ ធ្វើ​អោយ​កម្ពុជា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ១៣-៣ ។

វីរ​កីឡាការិនី កែ ឡេ​ង ដណ្ដើម​បាន​មេដាយមាស​៣​លើក​ជាប់​ៗ​គ្នា ជូន​ជាតិ​រួច​មក​ហើយ ពោល​គឺ​ឆ្នាំ​២០១៣ ដណ្ដើម​បាន​នៅ​បារាំង ឆ្នាំ​២០១៥ ដណ្ដើម​បាន​នៅ​ថៃ និង​ឆ្នាំ​២០១៧ ដណ្ដើម​បាន​នៅ​ប្រទេស​ចិន ចំណែក​ឆ្នាំ​២០១៩​នេះ ខណៈ​ការ​ប្រកួត​កំពុង​ប្រព្រឹត្ត​ទៅ​លើ​ទឹកដី​កម្ពុជា ។

ដូច្នេះ​បើ​វីរ​កីឡាការិនី កែ ឡេ​ង អាច​យក​មេដាយមាស​ពិភពលោក​បាន​ទៀត មាន​ន័យ​ថា អ្នកស្រី​អាច​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្ដ្រ​កាន់តែ​អស្ចារ្យ ក្នុង​វិស័យ​កីឡា​ប៉េតង់​ពិភពលោក ក្នុង​ការ​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​៤​ជំនាន់​ជាប់​ៗ​គ្នា ។

សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នេះ គឺ​ចាប់ផ្ដើម​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​មាន​ក្រុម​កីឡាករ​-​កីឡាការិនី​មក​ពី​៤៩​ប្រទេស រួម​ទាំង​ម្ចាស់ផ្ទះ​កម្ពុជាចូលរួម​ប្រកួត ៕