ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់៣ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កែ ឡេង ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) វគ្គជម្រុះជុំទី១ កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ដែលជាថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្តី្រ លើកទី១៧ ។

 

កែ ឡេង ធ្វើបានសម្រេចក្នុងពិន្ទុ៣៨ ហើយឈរនៅលើតារាងចំណាត់ថ្នាក់លេខ១ រីឯចំណាត់ថ្នាក់លេខ២ គឺកីឡាការិនី Homniam Ranu មកពីប្រទេស ន័រវែស ដែលមាន៣៧ពិន្ទុ លេខ៣ មកពីឡាវ កីឡាការិនី Bivilak Thepphakan ៣៦ពិន្ទុ និងចំណាត់ថ្នាក់លេខ៤ មកពីមីយ៉ាន់ម៉ា កីឡាការិនី Thin Cherry Thet ដែលមាន៣៤ពិន្ទុ។

 

សម្រាប់ចំណាតថ្នាក់ពីលេខ១ ដល់ លេខ៤ មិនត្រូវប្រកួតជម្រុះ នាថ្ងៃទី២០ វិច្ឆិកា ទៀតទេ ដោយរង់ចាំការប្រកួត នៅវគ្គក្រោយទៀត ខណៈកីឡាការិនី ពីលេខ៥ ដល់លេខ២៣ ត្រូវប្រកួតជម្រុះ នៅថ្ងៃនេះ។

ចំពោះ វិញ្ញាសាវាយយកពិន្ទុ ផ្នែកយុវជន កីឡាករកម្ពុជាវាយបាន២៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១២ ដែលត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះនេះ នៅក្នុងចំណោម ១៣ប្រទេស។ ចំពោះ៤ប្រទេស ដែលជាប់វគ្គជម្រុះ ជុំទី១នេះ គឺមានម៉ាដាហ្គាស្កា មាន៤៤ពិន្ទុ លេខ២ ម៉ូណាកូ ៤១ពិន្ទុ លេខ៣ អ៊ីតាលី ៣៨ពិន្ទុ និងលេខ៤ ស៊ុយអែត ៣៥ពិន្ទុ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ នេះ ចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដោយមានក្រុមយុវជន និងកីឡាការិនីមកពី៤៩ប្រទេស មានកីឡាករ កីឡាការិនីសរុប ៤៤៩នាក់ មាន៨០ក្រុម រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងមេដាយ ដែលមានត្រឹមតែ៦វិញ្ញាសាប៉ុណ្ណោះ៕