ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនមកចាត់ការតាមផ្លូវ កាលពីវេលាម៉ោង ១០ និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីក្នុង១យប់ បានសម្រេចទៅ៤លើក។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនថ្លៃ នេះឈ្មោះឃន ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ។ ចំណែកនារីរងគ្រោះ ជាប្អូនថ្លៃមានឈ្មោះ យ យ អាយុ១៧ឆ្នាំ។


សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ធ្វើឡើងតាមបញ្ជាលោក កើត វណ្ណា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: ប្រព្រឹត្តកាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ប្រភពខាងលើបន្តថា ជនសង្ស័យជាកម្មករឡឥដ្ឋ ស្នាក់នៅក្នុងឡឥដ្ឋទាំងគ្រួសារ ហើយនារីរងគ្រោះក៏ធ្វើជាកម្មករឡឥដ្ឋដែរ តែប្រាក់ឈ្នួលត្រូវជនសង្ស័យយកទាំងអស់ គ្រាន់តែឲ្យបាយហូបប៉ុណ្ណោះ។ នៅពេលដែលនារីធ្វើការនៅទីនោះ ពួកគេទាំងអស់( ជនសង្ស័យ ប្រពន្ធជនសង្ស័យត្រូវជាបងស្រីនារីរងគ្រោះ និងនារីរងគ្រោះ ) បានដេកនៅលើគ្រែក្នុងមុងជាមួយគ្នា ហើយមានយប់១ ជនសង្ស័យ បានយកកូនកាំបិតគំរាមចាក់សម្លាប់នារីរងគ្រោះជាប្អូនថ្លៃកុំឲ្យសែ្រក រួចធ្វើសកម្មភាពចាប់រំលោភបានសម្រេច៤ដង។

ចំណែក នារីជាប្រពន្ធជនសង្ស័យត្រូវជាបងស្រីនារីរងគ្រោះ ដ៏ដឹងនិងបានឃើញប្តីចាប់រំលោភប្អូនស្រីដែរ តែនាងមិនមានស្រែក មិនហ៊ាននិយាយ ព្រោះខ្លាចប្តីធ្វើបាបសម្លាប់ចោល រហូតក្មេងនារីរងគ្រោះទ្រាំនឹងទង្វើដ៏គម្រក់របស់បងថ្លៃលែងបាន ក៏មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។ បន្ទាប់មក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕