ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម បើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញមួយកន្លែង ឃាត់ខ្លួន ជនជាតិខ្មែរ និងបរទេសជាង២០០នាក់ ក្នុងនោះមានស្រី ១៣០នាក់ ដែលមាន ៧សញ្ជាតិ ។
ការបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្រុងប៉ោយប៉ែត ។


ជនជាតិខ្មែរ និងបរទេសជាង២០០នាក់ នោះ រួមមាន៖ ថៃ ១៨៣នាក់ (ស្រី ១១៨នាក់), ឥណ្ឌា ៣នាក់, ម៉ាឡេស៊ី ២នាក់, ឥណ្ឌូនេស៊ី ២នាក់, តៃវ៉ាន់ ២នាក់, ឡាវ ៥នាក់ (ស្រី៤នាក់) ខ្មែរ ១២នាក់ (ស្រី ៦នាក់)។
លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានឲ្យដឹងថា ក្រោយឃាត់ខ្លួនត្រួតពិនិត្យរួចរាល់ កម្លាំងចម្រុះបានសម្រេច៖
ទី១ ៖ អនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២ នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ
ទី២ ៖ ឃាត់ខ្លួនជនបរទេសចំនួន ១៩៧នាក់ ស្រី១២៤នាក់ បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត។
ទី៣ ៖ ដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រចំនួន ១០គ្រឿង និងទូរស័ព្ទដៃមួយចំនួន
ទី៤ ៖ សម្រេចបិទស៊ីលអគារទីតាំងកាស៊ីណូខាងលើ៕