ខេត្តកណ្តាល ៖ បុរស២នាក់ជាមិត្តភក្តិនឹងគ្នា បានទិញស្រាបៀរមកអង្គុយព័ទ្ធវង់ជល់កែវ លុះពេលស្រវឹងធ្លាក់ភ្នែក ស្រាប់តែកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតក្លាយជាអំពើហិង្សាដោយភាគីម្ខាងបានទាញចាន់ដាក់សាច់ក្លែមគប់ទៅលើភាគីម្ខាង តែមិនត្រូវ ធ្វើឲ្យភាគីម្ខាងទៀតទ្រាំលែងបាន ក៏ទាញកាំបិតប៉័ងតោកាប់សងវិញ បណ្តាលឲ្យរយះក្បាលហូរឈាមកក្លាក់។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។


ជនរងគ្រោះដែលត្រូវគូជម្លោះកាប់រយះក្បាល មានឈ្មោះលុង សុខនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរយោធា (រងរបួសត្រង់ភ្នែកខាងស្តាំដេរ១២ថ្នេរ) ។ ចំណែក ជនដៃដល់មានឈ្មោះ តេង វណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យ ជាមិត្តភក្តិនឹងគ្នា ។ មុនពេលកើតហេតុ ពួកគេបានទិញស្រាបៀរ មកផឹកនៅលើគ្រែផ្ទះរបស់ឈ្មោះម៉ែន សារ៉ន ភេទប្រុស អាយុ២៧ឆ្នាំ។ ពេលកំពុងអង្គុយផឹកនោះស្រាប់តែជនរងគ្រោះ និងជនសង្ស័យបានឈ្លោះ ប្រកែកគ្នាដោយពាក្យសម្តី ភ្លាមនោះជនរងគ្រោះបានទាញចានដាក់សាច់ក្លែមគប់ទៅលើជនដៃដល់ តែគប់មិនត្រូវព្រោះជនសង្ស័យគេចទាន់។


ប្រភពបន្តថា ពេលនោះ ជនសង្ស័យបានទាញយកកាំបិតប៉័ងតោពីលើគ្រែកាប់សងទៅលើជនរងគ្រោះ១កាំបិត ត្រូវចំលើភ្នែកខាងស្តាំរងរបួស ។ ក្រោយពីកាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយកាន់យកកាំបិតទៅជាមួយផង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ដោយក្រុមគ្រូពេទ្យដេរមុខរបួសចំនួន១២ថ្នេរ រីឯជនដៃដល់ ត្រូវកម្លាំងប៉ុស្តិ៍ដីឥដ្ឋ តាមចាប់ខ្លួនបាននាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕