ទីក្រុង​ហុងកុង ៖ ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ប៉ូលិស​បង្ក្រាប​បាតុកម្ម បាន​ចាប់ខ្លួន​បាតុករ​ចំនួន​១,១០០​នាក់ ដោយសារ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ជា​ការ​ចូលរួម​ធ្វើ​កុប្បកម្ម និង​មាន​ផ្ទុក​អាវុធ​បង្ក​គ្រោះថ្នាក់​ជាដើម ដោយ​ក្នុង​ការ​បង្ក្រាប​នោះ​ប៉ូលិស​រឹបអូស​បាន​គ្រាប់បែក​សាំង មាន​ចំនួន​រហូត​ទៅ​ដល់ ៣,៩០០ ដប នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន Channel New Asia ។

បើ​យោង​តាម​អ្នកនាំពាក្យ​ប៉ូ​លី​ស​ហុងកុង បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម​បាតុករ​បាន​លួច​យកសារ​ធាតុគីមី​(​គ្រោះថ្នាក់​) ពី​ក្នុង​បន្ទប់ពិសោធន៍​របស់​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ហុងកុង (PolyU) ដែល​នេះ ជា​ការ​ព្រួយ​បារ​ម្ម​ណ៍​ថា នឹង​អាច​បង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ ។

សូម​ជម្រាប​ថា បាតុកម្ម​នៅ​ហុងកុង ការ​ប្រើប្រាស់​អំពើ​ហិង្សា​កាន់តែ​ច្រើន​ឡើង​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​សាលារៀន​នានា បង្ខំចិត្ត​ត្រូវ​បិទទ្វារ ហាង​លក់ទំនិញ និង​ផ្សារ​ទំនើប ព្រមទាំង​ស្ថាប័ន​មួយ​ចំនួន ក៏​ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​ផង​ដែរ ៕