ខេត្តកំពត៖ មិនដឹងមូលហេតុអ្វី ត្រីរាប់ពាន់រាប់ម៉ឺនក្បាល បានងាប់អណ្តែតពេញទឹកប្រឡាយ បង្កឲ្យភ្ញាក់ផ្អើលពលរដ្ឋនាំគ្នាចុះចាប់យ៉ាងពពាក់ពពូន។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងមុនដំបូង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា និងបន្តរហូតដល់រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយក្បែររោងចក្រផលិតទឹកកកមួយកន្លែង ក្នុងស្រុកកំពង់ត្រាច ។


ប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយទឹកបាននិយាយថា កាលរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ប្រឡាយខាងលើមានទឹកច្រើន គេមិនដែលឃើញមានត្រីមួយក្បាល ណាងាប់អណ្តែតទឹកឡើយ ។ លុះពេលទឹកប្រឡាយស្រក ស្រាប់តែមានត្រីរាប់ពាន់ក្បាលងាប់អណ្តែតពេញប្រឡាយទឹក បង្កឲ្យភ្ញាក់ផ្អើលពលរដ្ឋជាច្រើននាក់នាំគ្នាចុះចាប់ត្រីទាំងនោះ។


ករណីត្រីងាប់អណ្តែតពេញទឹកប្រឡាយនេះ សង្ស័យពុលនឹងសារធាតុអ្វីម្យ៉ាង ដែលហូរចូលក្នុងទឹកប្រឡាយនេះ។
លោក យន់ វេហា មន្ត្រីជលផលស្រុកកំពង់ត្រាច បានបញ្ជាក់ថា ករណីត្រីងាប់ក្នុងប្រឡាយទឹកនេះ លោកមិនទាន់ហ៊ានកំណត់ថា វាពុលងាប់ដោយសារអ្វីឲ្យប្រាកដនោះទេ ដោយរង់ចាំឆ្លងការពិនិត្យពីមន្ត្រីជំនាញសិន ទើបអាចកំណត់បាន។
ដោយឡែក នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់ថា លោកទើបតែទទួលបានសេចក្តីរាយការណ៍ ពីមន្ត្រីក្រោមឱវាទថា មានត្រីងាប់អណ្តែតក្នុងប្រឡាយ ហើយលោកជំរុញឲ្យមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែង ដើម្បីស្វែងរកមូលហេតុ តើត្រីងាប់អណ្ដែតពេញប្រឡាយនេះ ដោយសារអ្វី?៕