រាជធានីភ្នំពេញ៖ បណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ ២០២០ ក្នុងនោះប្រទេសកម្ពុជា និងថៃ នឹងទទួលរងការវាយប្រហារនេះខ្លាំង ជាងប្រទេសវៀតណាម និងឡាវ។នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយរបស់ គណៈកម្មការទន្លេមេគង្គ (MRC) ។

លោក ឡាំ ហុងសឺន ប្រធានមជ្ឈមណ្ឌលគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់ នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដែលដឹកនាំការវិភាគនេះ បានអះអាងថា «អាកាសធាតុស្ងួតរយៈពេលយូរនៅឆ្នាំនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ និងផលិតផលកសិកម្ម ព្រមទាំងអាចជួបបញ្ហា កង្វះទឹកប្រើប្រាស់កើតមាន ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្ត»។

ការវិភាគទិន្នន័យបឋមរបស់ គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា គ្រោះរាំងស្ងួត បណ្តាលមកពីបរិមាណទឹកភ្លៀង មិនគ្រប់គ្រាន់ ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះ មុនពេលកំណត់ ព្រមទាំងបាតុភាពអែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី។ជាធម្មតា ភ្លៀងមូសុង តែងតែចាប់ផ្តើមធ្លាក់នៅចុងខែឧសភា និងបញ្ចប់នៅខែតុលា ប៉ុន្តែក្នុងឆ្នាំនេះ វាចាប់ផ្តើមធ្លាក់យឺត ជិតពីរសប្តាហ៍ និងឈប់ធ្លាក់ប្រហែលបីសប្តាហ៍មុនពេលកំណត់។

ការវិភាគរបស់គណៈកម្មការទន្លេមេគង្គ ឲ្យដឹងបន្ថែមថា បណ្ដាខេត្តភាគឥសាន នៃប្រទេសកម្ពុជារួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប នឹងរងផលប៉ះពាល់ ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត។ ទោះយ៉ាងណាគេរំពឹងទុកថា ស្ថានភាពរាំងស្ងួត នឹងមានភាពប្រសើរជាងមុខ នៅសប្ដាហ៍ទី២ ខែមករា ដោយសារតែអាកាសធាតុ នឹងប្រែមកមានសំណើមបន្តិចវិញ៕