ខេត្តស្វាយរៀង ៖ ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​ ដោយ​ប្រពន្ធ​ទាញ ញញួរ​មក​វាយ​ក្បាល​ប្តី​ច្រើន​ញញួរ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ សង្ស័យ​ជម្លោះ​កើត​ចេញពី​ភ្លើង​ប្រចណ្ឌ ។

ករណី​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​បា​ក្រុង ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ឡៅ សា​ម៉ាច អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បា​ក្រុង ឃុំ​ស្វាយចេក ស្រុក​រំដួល មូលហេតុ​ទំនង​ដោយសារ​កើតការ​ប្រចណ្ឌ​ប្តី ទើប​ប្រើ​ហិង្សា​ទាញ​ញញួរ​មក​វាយ​ប្តី​ឈ្មោះ សូ សា​រិ​ត អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ជា​ច្រើន​ញញួរ​ចំ​ក្បាល បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បែប​នេះ ។

បច្ចុប្បន្ន ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ហៅមកសួរនាំ និង​កំពុង​ស្រាវជ្រាវ​ដើម្បី​ធ្វើ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ។ ចំណែក​ជន​រង​គ្រោះ ក្រោយ​កើតហេតុ​ភ្លាម​ៗ ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​ផង​ដែរ ៕