រាជធានីភ្នំពេញ៖ នៅក្នុងពិពណ៌ «សម្ភារផ្គត់ផ្គង់ និងផលិតផលឧស្សាហកម្មខេត្តហ៊ូណាន ប្រទេសចិន» រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា កម្ពុជាត្រូវការថវិកាពីចិនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។
លោករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានថ្លែងថា៖ «សូមលើកទឹកចិត្តដល់អ្នកវិនយោគ(ចិន)ទាំងអស់ សូមចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលកំពុងមានតម្រូវការចាំបាច់។ យើងសង្ឃឹមជឿជាក់ថា ផ្អែកតាមទំនាក់ទំនងល្អរវាងកម្ពុជា និងចិន នឹងជំរុញអ្នកវិនយោគចិនច្រើនថែមទៀតមករកស៊ីនៅកម្ពុជា»។


ចំណែក លោក ឌូ ឆាហាវ សមាជិកមជ្ឈឹមបក្សកុម្មុយនីស្តចិន ថ្លែងថា ចិនជាមិត្តរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត។ កម្ពុជាជាទីតាំងយុទ្ធសាស្ត្រមួយក្នុងគោលនយោបាយ«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»របស់ចិន ហើយថា ចិននៅតែជួយកម្ពុជា ពិសេសគឺការជំរុញអ្នកវិនយោគចិនមករកស៊ីនៅកម្ពុជា។
លោកឌូ ឆាហាវ ថ្លែងថា «កម្ពុជាជាសមាជិកមួយក្នុងយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយ ស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រដ៏សំខាន់ក្នុងអាស៊ាន ដែលតម្រូវឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមផ្សំនឹងធនធានដែលកម្ពុជាមានស្រាប់ បង្កើតជាផែនការងារវាសនាតែមួយរវាងកម្ពុជា និងចិន»៕