ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនចិននឹងត្រូវរំពឹងថានឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារពេលនេះការស្ថាបនាបានសម្រេចលទ្ធផលប្រមាណ ៤០ ភាគរយហើយ។នេះបើយោតាមការចុះផ្សាយរបស់គេហទំព័រ អចលនទ្រព្យ។

រាជរដ្ឋាភិបាលកម្ពុជាបានរំពឹងថាផ្លូវក្រវ៉ាត់ក្រុងទី៣នេះនឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ដោយសារមាន ការជំរុញពីសំណាក់របស់រដ្ឋាភិបាលនិងពីក្រសួងសាធារណការ និងដឹកជញ្ជូនដោយធ្វើយ៉ាងណាធ្វើឱ្យបានលឿនតាម ផែនការឬមុនផែនការ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកគង់វិមានថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីពេល ថ្មីៗនេះ។

លោកបានឱ្យដឹងបន្តថាគម្រោង ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ត្រូវបានចំណាយថវិកាសរុបប្រមាណ ២៧៣លាន ដុល្លារ អាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិនហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគ សម្រាប់ ការ ដោះស្រាយផលប៉ះពាល់ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពន្ធនិងសួយសារអាករ ហើយសម្រាប់ការស្ថាបនា នឹង ប្រើ រយៈពេល ៤២ ខែដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ។

គួរបញ្ជាក់ផងដែរថាផ្លូវក្រវ៉ាត់ក្រុងទី៣ត្រូវបាន បើកការដ្ឋានសាងសង់នៅ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ក្រោម អធិបតីភាពសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជាផ្លូវនេះមានប្រវែងជាង ៥០ គីឡូម៉ែត្រត្រូវបានសាងសង់ឡើង ក្នុង គោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុង ទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង សម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូន និងអាចកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើរផងដែរ៕