រាជធានីភ្នំពេញ ៖ សត្វ​ពស់ថ្លាន់​មួយ​ក្បាល បាន​លូន​ចូល​សំងំ​នៅ​ក្នុង​រថយន្ត​បុរស​ម្នាក់ ម្ចាស់​មិនដឹង​បាន​បើករថយន្ត​ចេញពីផ្ទះ​ទៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្រាប់តែ​ក្រឡេក​ឃើញ​ពស់​នៅ​ក្រោម​ពូក ធ្វើ​ឲ្យ​ព្រលឹង​ស្ទើរ​ចេញ​ទៅ​ស៊ី​ព្រលឹត ប៉ុន្តែ​ជ្រុលខ្លួន​ហើយ មាន​តែ​បើក​នាំ​ពស់ថ្លាន់​ចូល​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​ភ័យ​ស្លន់ស្លោ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ចាប់​ចេញ ។

ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៩ នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​បងប្រុស​ម្ចាស់​រថយន្ត TOYOTA RAV4 ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​ភ្នំពេញ 2R-6262 មិន​បាន​ប្រាប់​អត្តសញ្ញាណ​ទេ បាន​ប្រាប់​ថា គាត់​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ មិន​បានដឹង​ថា សត្វ​ពស់ថ្លាន់​១​ក្បាល​ទំហំ​ប៉ុន​ក​.​ដៃ​មនុស្ស​ចាស់​លូន​ចូល​ទៅ​សំងំ នៅ​ក្នុង​រថយន្ត​របស់​គាត់ តាំងពី​ពេល​ណា​មក​នោះ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​បើករថយន្ត​ចេញពីផ្ទះ ដែល​ជិត​សាល​សង្កាត់​ចោម​ចៅ​៣​ដែរ ហើយ​ពេល​រូ​ព​គាត់​បើកទ្វារ​ចូល​ដំបូង អត់​ឃើញ​មាន​ពស់ថ្លាន់​នេះ​ទេ លុះ​ពេល​បើក​ចេញ​ផុត​បន្តិច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្រាប់តែ​ប្រទះ​ឃើញ ពស់​នេះ​នៅ​លូ​ណ​ចេញ​មក​ពីក្រោម​ពូករថ​យន្ត​តែ​ម្តង ។

បងប្រុស​ម្ចាស់​រថយន្ត បន្ត​ថា ពេល​នោះ​រូប​គាត់​មានការ​ភិតភ័យ និង​ខ្លាច​យ៉ាង​ខ្លាំង ប៉ុន្តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​បើ​ជ្រុលខ្លួន​ហួស​ទៅ​ហើយ មាន​តែ​បន្តដំណើរ​សំដៅ​ចូល​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ឲ្យ​អាជ្ញាធរ​ជួយ​ចាប់​វា​ចេញពី​ក្នុង​រថយន្ត ដើម្បី​ប្រគល់​ជូន​ខាង​ក្រុម​អភិ​ក្ស​សត្វព្រៃ ។

បើ​តាម​ភ្នាក់ងារ​អភិរក្ស​សត្វព្រៃ ក្រោយ​ពី​ទទួល​ដំណឹង​ថា ពលរដ្ឋ​ចាប់​បាន​ពស់ថ្លាន់​១​ក្បាល លោក​បាន​មក​ទទួល​ភ្លាម ។ លោក​អះអាង​ថា មិនដឹង​ថា នៅ​ក្នុង​ខណ្ឌ​នេះ​មាន​ពស់​ច្រើន ឬ​ក៏​ពស់​ដដែល​ៗ​នោះ​ទេ តែ​សម្រាប់​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ បើ​តាម​លោក​ចាំ​មិន​ភ្លេច​ទេ វា​ជា​លើក​ទី​១០៤​ហើយ សម្រាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេល​ចាប់​បាន​ម្ដង​ៗ តែងតែ​យក​ទៅ​លែង នៅ​តំបន់​ភ្នំ​តា​ម៉ៅ ជា​កន្លែង​ដែល​មាន​សុវត្ថិភាព តែ​វា​ហាក់ដូចជា​មិន​ចេះ​អស់​សោះ ៕