ខេត្តសៀមរាប ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​ទឹក​ខេត្តសៀមរាប​ម្នាក់ ស្រវឹងស្រា បាន​យក​កាំភ្លើង AK47 បាញ់​ឡើង​លើ​អស់​ជាង​១០​គ្រាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សង្កាត់​ចុង​ឃ្នៀស បាន​រៀបចំ​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ ដល់​ថ្នាក់លើ ។

ហេតុការណ៍​បាញ់បោះ​សេរី​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​ទឹក​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ ស្ថិត​នៅ​ជិត​ផែបណ្ដែត​ទឹក​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក ត្រង់​ចំណុច​ខាងត្បូង​ក្បាល​ក​ន្ធី​គម ក្នុងភូមិ​ទី​៥ ចម្ងាយ​១០០​ម៉ែត្រ ពី​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​បាញ់បោះ​សេរីមានឈ្មោះ ជា ប៊ុ​ន​វី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​ទឹក នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​ធ្វើការ​នៅ​ក្នុង​ប៉ុស្តិ៍​មូលដ្ឋាន​ចុង​ឃ្នៀស ហើយ​មាន​ទីលំនៅ​ភូមិ​ទី​៥ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ខេត្តសៀមរាប ។

ទោះជា​យ៉ាងណា ករណី​បាញ់បោះ​សេរី​នេះ សមត្ថកិច្ច​បាន​បញ្ជាក់ដែរ​​ថា មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដោយសារ​គាត់(មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជើង​ទឹក) បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​កាំភ្លើង​អាកា AK47 មក​បាញ់បោះ​ដោយ​សេរី នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កំពង់​ផែ ស៊ូ ជី​ង ។

ចំណែក​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ​ថា ករណី​នេះ លោក​បាន​ឲ្យ​ខាង​បុគ្គលិក​ការិយាល័យ​សួរនាំ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕