ខេត្តត្បូងឃ្មុំ ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់បានសេពគប់ជាមួយក្មេងស្ទាវលាប់សក់ក្រហម រហូតផុងខ្លួនប្រើបាស់ និងចែកចាយថ្នាំញៀន លុះពេលកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន ក៏ចាប់ក្របួចជាប់យកមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១៣ និង៣៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។


ជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួនក្នុងបទល្មើសថ្នាំញៀន ទី១-ឈ្មោះមាប់ សិលា ហៅមេឃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះម៉ៅ វិជ្ជរ៉ា ហៅអាដា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរាវ ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ដកហូត ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់ និងជញ្ជីងអេឡិចត្រូនិច ១គ្រឿង។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ច នាំទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕