រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវភ្លោះសម្ដេចជា ស៊ីម មុខវិទ្យាល័យជា ស៊ីម ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។


មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក CAMRY LE ពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-9950 បើកបរដោយបុរសម្នាក់ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវភ្លោះសម្ដេចជា ស៊ីម ក្នុងទិសដៅចរាចរណ៍ពីជើង ទៅត្បូង។ លុះមកដល់ចំណុចមុខវិទ្យាល័យជា ស៊ីម ជ្រោយចង្វារ បានបត់ត្រឡប់ក្រោយ ក៏ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក TOYOTA HILUX REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-8383 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បុកចំពាក់កណ្តាល ពេញមួយទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ។ តែសំណាងល្អ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។ ភ្លាមៗនោះ អ្នកបើករថយន្តស៊េរីទំនើបម៉ាក TOYOTA HILUX REVO បានរត់ចេញពីកន្លែងកើតហេតុ គេចខ្លួនបាត់ស្រមោលតែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសហការគ្នាជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីធ្វើការវាស់វែង និងយករថយន្តទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕