រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានបើកម៉ូតូបោះពួយល្បឿនទាំងសភាពស្រវឹងសល់ពីយប់ ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូស្រ្តីម្នាក់កំពុងជិះឆ្លងផ្លូវ បណ្តាលឲ្យដួលរងខួចខាតម៉ូតូសងខាង ស្រាប់តែយុវជននៅស្រវឹងសល់ពីល្ងាច យំឡាំប៉ាទាមសំណងថ្លៃដាច់ស្បែកជើងពីភាគីម្ខាង។
ហេតុការណ៍ដ៏ហួសចិត្តនោះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។


ប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីម្នាក់ ជិះម៉ូតូ ZOOMER ពណ៌សលាយហក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HM-6025 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ ពីជើងទៅត្បូង ស្រាប់តែពេលនោះ មានយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-4737 ក្នុងស្ថានភាពស្រវឹងស្រាសល់ពីល្ងាច ជ្រុលមកបុកពីទទឹងម៉ូតូ ZOOMER បណ្តាលឲ្យដួល រងខូចខាតដូចគ្នា និងរបួសស្រាលសងខាង។


ប្រភពបន្តថា ក្រោយកើតហេតុ ភាគីទាំងបានលើកម៉ូតូរៀងៗខ្លួន ហើយពេលនោះ យុវជនដែលស្រវឹង បានយំឡាំប៉ាដូចកូនក្មេងទារសំណងពីភាគីខាងស្រ្តី ថ្លៃដាច់ស្បែកជើងខ្លួន ធ្វើឲ្យកើតជារឿងជជែករកខុសត្រូវរៀងៗខ្លួន រហូតសមត្ថកិច្ចប្រចាំគោលដៅនៅចំណុចខាងលើ ជួយអន្តរាគមន៍ ទើបភាគីអ្នកទាំង២សម្របសម្រួលត្រឹមស្មើគ្នា ដោយយកម៉ូតូទៅជួសជុលរៀងៗខ្លួន៕