រយៈពេល​២​ថ្ងៃ​ហើយ ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា បាន​អូស​បន្លាយ​រហូត​ដល់​ព្រលឹម​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ២០១៩​នេះ រវាង​ក្រុម​បាតុករ​ហុងកុង​រាប់​សិប​នាក់ និង​ប៉ូលិស​ដែល​បាន​គំរាម​ប្រើ​វិធានការ​ក្តៅ ដើម្បី​វាយ​បំបែក​ក្រុម​បាតុករ ដែល​បាន​ចូល​លាក់ខ្លួន​នៅ​សកល​វិទ្យាល័យ Polytechnic ហុងកុង (PolyU) ។ ការ​ឡោម​ព័ទ្ធ​សកល​វិទ្យាល័យ បាន​ក្លាយជា​សមរភូមិ​ឆន្ទៈ​មួយ​រវាង​កម្លាំង​ប៉ូ​លី​ស​ហុងកុង និង​ចលនា​តវ៉ា​ថ្មី​របស់​ក្រុម​បាតុករ ។

ប៉ូលិស​ហុងកុង ចាប់ផ្តើម​ប្រើ​ឧបករណ៍​(LRAD) បញ្ចេញ​សំឡេង ជា​លើក​ដំបូង​ប្រឆាំង​នឹង​ក្រុម​បាតុករ ។ គេ​អាច​ឮ​សំឡេង​វា «​វូ​ៗ» ចេញពី​រថ​ពាស របស់​ប៉ូលិស ។

ឧបករណ៍​បញ្ចេញ​សំឡេង​នេះ​ប៉ូលិស​ហុងកុង បាន​ទិញ​វា​កាលពី​១០​ឆ្នាំ​មុន ប៉ុន្តែ​មិន​បាន​ប្រើប្រាស់​វា ដោយសារ​តែ​មាន​ភាព​ចម្រូងចម្រាស ដោយ​ពួក​សកម្មជន អះអាង​ថា (LRAD) ជា​សព្វាវុធ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។

បើ​តាម​អ្នកនាំពាក្យ​ប៉ូលិស បាន​បដិសេធ​ថា វា​មិនមែន​ជា​សព្វាវុធ​ទេ តែ​ជា​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​» ។ (LRAD) វា​មិនមែន​ជា​សំឡេង​នាំ​អោយ​វិលមុខ ក្អួតចង្អោរ ឬ​ធ្វើ​អោយ​វង្វេង​ទេ ទាំងនេះ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ ។

អ្នកនាំពាក្យ អះអាង​ថា កងកម្លាំង​ប៉ូលិស​បាន​ប្រើ​ឧបករណ៍​បញ្ចេញ​សំឡេង​ចម្ងាយ​ឆ្ងាយ ដែល​ត្រូវ​បាន​បំពាក់​លើ​រថពាសដែក ដើម្បី​ចេញ​សារ​ព្រមាន​ទៅ​កាន់​ក្រុម​កុបករ ។ ឧបករណ៍​នេះ​អាច​បញ្ជូន​សារសំខាន់​ៗ បាន​ឆ្ងាយ ក្នុង​បរិយាកាស​អ៊ូអរ ។

ដោយឡែក បើ​តាម​អ្នកជំនាញ​អាម៉េរិក​វិញ​ថា ឧបករណ៍​នេះ មិនជា​អាវុធ​ទេ តែ​អ្នកប្រឆាំង​តវ៉ា មាន​អារម្មណ៍​ឈឺ ពេល​ទទួល​រលក​សំឡេង​របស់​វា LRAD ។

នៅ​ថ្ងៃ​ព្រឹក​ទី​១៩ វិច្ឆិកា​នេះ មេ​ប៉ូលិស​ហុងកុង បាន​អំពាវនាវ​សុំ​សាធារណជន​គាំទ្រ ដើម្បី​បញ្ចប់​ចលាចល​ដែល​បាន​ញាំញី​ទីក្រុង​នេះ​អស់​ជាង​៥​ខែ​មកនេះ នៅ​ពេល​កម្លាំង​របស់​លោក​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ពួក​អ្នកប្រឆាំង​តវ៉ា នៅ​សកល​វិទ្យាល័យ​មួយ ដែល​អ្នក​តវ៉ា​ប្រឆាំង​ប្រមាណ​២០០​នាក់ នៅ​សំងំ​ក្នុង​សកល​វិទ្យាល័យ​នៅឡើយ ខណៈ​មួយ​ចំនួន​បាន​ព្យាយាម​គេ​ខ្លួន ឬ​ត្រូវ​ចាប់ខ្លួន​ដោយ​ប៉ូលិស​៕