រាជធានីភ្នំពេញ៖ ជម្លោះជាពាក្យសម្តីរវាងតារាសម្តែងស្រី កញ្ញា ហាស់ វីរ៉ាស្រីរ័តុ្ន ហៅ អាណារ៉ូស និងតារាប្រុសលោក យុទ្ធ ឋានៈ ដ៍ក្ដៅគគុកនោះ ទីបំផុតត្រូវបានបញ្ចប់ដោយសន្តិវិធីហើយ ។
យោងតាមប្រភពពីមន្ត្រីនៃក្រសួងវប្បធម៌ បានឲ្យដឹងថា កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមវត្តមានលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំការកោះប្រជុំមួយ ក្នុងគោលបំណងធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាជម្លោះជាពាក្យសម្តីរវាងតារាសម្តែងស្រី កញ្ញា ហាស់ វីរ៉ាស្រីរ័តុ្ន ហៅ អាណារ៉ូស និងតារាប្រុសលោក យុទ្ធ ឋានៈ ដ៍ក្ដៅគគុកនោះ ។


ក្នុងអង្គប្រជុំនោះ ក៏មានវត្តមានផ្ទាល់ កញ្ញា អាណា រ៉ូស លោក យុទ្ធ ឋានៈ និងអ្នកគ្រប់គ្រងផលិតកម្ម P Production ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហា និងផ្តល់ការណែនាំ អំពីសកម្មភាពនៃការថតវីដេអូបទចម្រៀង ដែលធ្វើប៉ះពាល់ដល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ ។
ប្រភពដដែលបានឲ្យដឹងថា ភាគីពាក់ព័ន្ធទាំង៣ បានទទួលកំហុស និងសុំអភ័យទោសនូវរាល់ទង្វើមិនសមរម្យ និងការប្រព្រឹត្តខុសទាំងនោះ ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ ហើយក៏បានសន្យាថា នឹងមិនធ្វើឱ្យមានកំហុសឆ្គងបែបនេះសម្រាប់ពេលខាងមុខទៀតឡើយ ។


ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា កំហុសឆ្គងដែលកន្លងហួសហើយ អាចចាត់ទុកជាបទពិសោធន៍ តែសូមយកបទពិសោធន៍នេះ កែប្រែខ្លួនមកជា យុវជនល្អ កូនល្អ សិល្បករគំរូ ដែលសង្គមជាតិត្រូវការ ចូរខិតខំសាងកេរ្តិ៍ឈ្មោះដើម្បីខ្លួនឯង កិត្តិយសដើម្បីក្រុមគ្រួសារ និងភាពថ្លៃថ្នូរសម្រាប់សង្គមជាតិខ្មែរ ។


នរណាៗ ក៍ដឹងថា កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ តារាសម្តែង អាណារ៉ូស និងលោកយុទ្ធ ឋានៈ រួមគ្នាសម្ដែងបទចម្រៀងវីដេអូ ស្រើបស្រាលលូកស្ទាបបឺតមាត់ ធ្វើឲ្យមហាជន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រិះគន់ផ្លូកទឹកភ្លូកដី ចាត់ទុកថា ការសម្ដែងបែបនេះ ធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ស្រទាប់យុវជន និងដល់កិត្តិយសប្រពៃណីជាតិ និងសង្គមជាតិ ផងដែរ៕