រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៩១.៧៤៤​ដុល្លារ​អាម៉េរិក តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ដល់​អង្គការ Nature Center Risen ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ។

កិច្ចសន្យា​ផ្តល់​ជំនួយ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី អ៊ុ​វ៉ា​ម៉ា មី​យ៉ូ​ក នាយិកា​អង្គការ Nature Center Risen នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ មាន​ប្រសាសន៍​ថា ជំនួយ​ថវិកា​នេះ​សម្រាប់​គម្រោង​សម្រេច​ឲ្យ​បាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​អប់រំ​បរិស្ថាន​តាម​បែប​អនុវត្តន៍ នៅ​វិទ្យាស្ថាន​គរុកោសល្យ (TEC) ឆ្នាំ​ទី​៣ ។ ក្នុង​គម្រោង​នេះ អង្គការ Nature Center Risen នឹង​បង្កើត​ប្រព័ន្ធ​បណ្តុះបណ្តាល​អំពី​បរិស្ថាន​អប់​រំជា​បន្តបន្ទាប់ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​អនុ​វិទ្យាល័យ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​កែសម្រួល​សៀវភៅ​ណែនាំ​សម្រាប់​បោះពុម្ព​សៀវ ភៅ​អប់រំ​បរិស្ថាន និង​ផ្តល់​ការ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​គរុកោសល្យ​ម​ត្តេ​យ្យ ។ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន ។

ឯកអគ្គរាជទូត បញ្ជាក់​ថា កម្មវិធី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន បាន​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​តាម​កម្រិត​មូលដ្ឋាន ។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ជាង ៣៧​លាន​ដុល្លារ​អាម៉េរិក ដល់​គម្រោង​ចំនួន​១២១ ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ប្រទេស​កម្ពុជា ៕