រាជធានីភ្នំពេញ៖ ព្រះសពសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវដង្ហែពីទីក្រុងបាងកក ប្រទេសថៃឆ្ពោះមកកាន់កម្ពុជា តាមច្រកអាកាសយាមដ្ឋានអន្តរជាតិភ្នំពេញ នៅវម៉ោង ៦ល្ងាច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
ព្រះសព សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែលនឹងត្រូវដង្ហែពីទីក្រុងបាងកក ប្រទេសថៃនៅល្ងាចនេះឱ្យបានមុនម៉ោង ៥ ល្ងាច នៅទីកន្លែងច្រកកិត្តិយស( VIP) ឬនៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់វត្តបទុមវតី្ត។
សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
ព្រះនាងប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រច្បងគេបង្អស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាព្រះរៀមបង្កើត នៃសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ។


ព្រះនាងមានព្រះបុត្រាបុត្រីចំនួន ៥អង្គ គឺ៖
១/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា ប្រសូតឆ្នាំ១៩៦០
២/ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ប្រសូតឆ្នាំ១៩៦១
៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ប្រសូតឆ្នាំ១៩៦៥
៤/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តណារិទ្ធ ប្រសូតឆ្នាំ១៩៦៨
៥/ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីជ្ជរ៉ាវុឌ្ឍ ប្រសូតឆ្នាំ១៩៧៨។
ក្នុងរបបខ្មែរក្រហម ប៉ុល ពត ព្រះនាងបានភៀសព្រះកាយទៅគង់នៅក្នុង ជំរុំជនភៀសខ្លួន ខ្មែរ-ថៃ មួយរយៈ ។ពេលនោះ ព្រះនាងបានបង្ហាត់បង្រៀនរបាំ ព្រះរាជទ្រព្យជូនប្រជាជនខ្មែរ នៅក្នុងជំរុំ Site B ព្រោះបារម្ភខ្លាចបាត់បង់សិល្បៈដ៍មានតម្លៃនេះ ពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម ។
បន្ទាប់មកព្រះនាងបានចេញទៅរស់នៅប្រទេសបារាំង៕