ខេត្តកំពង់ធំ៖ ស្រ្តីប្រមាត់ប្រម៉ង់ ដែលឪពុកម្តាយក្មេងស្រីរងគ្រោះជួលឲ្យមកមើលថែកូនស្រី ហើយបានយកក្មេងស្រីនោះទៅពពាយនាយលក់នៅតាមទីផ្សារ ពីរបីថ្ងៃមកហើយនោះ ត្រូវសមត្ថកិច្ចចាប់បានហើយ នៅល្ងាចថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្សារស្ទោង ភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
ស្រ្តីប្រមាត់ប្រម៉ង់នោះ ឈ្មោះធុន ថុនា អាយុ២៩ឆ្នាំ។


លោកវរៈសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងរបស់លោកបានប្រទះឃើញស្រ្តីដែលជាជនសង្ស័យ នៅដើរក្នុងផ្សារស្ទោង ក៏បានរាយការណ៍ជូនដល់ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីសុំវិធានការ ។ ក្រោយទទួលបញ្ជា កម្លាំងនគរបាលស្រុកស្ទោង បានឃាត់ខ្លួនស្រ្តីជាជនសង្ស័យនោះភ្លាមៗ។


កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រ្តីជាជនសង្ស័យ ត្រូវម្ដាយក្មេងស្រីរងគ្រោះឈ្មោះ លន ប៉ិក អាយុ៣៣ឆ្នាំ មានមុខរបរកាត់ដេរ ជួលឲ្យមើលថែកូនខ្លួនមួយរយៈនៅបន្ទប់ជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ស្រាប់តែស្រ្តីជនសង្ស័យ បានលួចយកក្មេងស្រីនោះពពាយនាយលក់នៅរាជធានីភ្នំពេញ៕