ខេត្តសៀមរាប ៖ ជនជាតិ​ចិន​ចំនួន​២​នាក់ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា​នេះ ក្នុង​ទឹកដី​ខេត្តកណ្ដាល បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់ បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​មួយ គ្រឿង​នៅ​ក្រុង​សៀមរាប ។

បើតាម​របាយការណ៍​របស់​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ករណី​លួច​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​ឃ្លី​ក នៅ​ពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​​អូ​តែ​ល«បាយ័ន​ប៊ូ​ទិ​ក» ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ។

របាយការណ៍​ដដែលថា កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ពេល​ព្រឹក មាន​បុរស​ជនជាតិ​ថៃ​ម្នាក់ ​បាន​មក​ជួល​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា​ឃ្លី​ក សេរី​ឆ្នាំ​២០១២ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​ 1L-9343 ពី​ក្រុមហ៊ុនទេសចរណ៍មួយ ដោយ​បុរស​ជនជាតិ​ថៃ​នោះ​ ទុកនៅមុខសណ្ឋាគារ បាយ័នប៊ូ​ទិ​ក ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨វិច្ឆិកា ស្រាប់តែបុរស​ជនជាតិថៃ ដឹងថាបាត់ម៉ូតូ ហើយ​បាន​ខ​លម​ក​ប្រាប់​ម្ចាស់​ក្រុមហ៊ុនថា​ម៉ូតូ​ដែល​គេ​បាន​ជួល​នោះ ​បាន​បាត់ហើយ​ ទើប​ម្ចាស់​ក្រុមហ៊ុនជួល បាន​ពិនិត្យ​មើលតាមប្រព័ន្ធ ​GPS ឃើញ​ម៉ូតូនោះ​កំពុង​ធ្វើ​ដំណើរ​នៅ​ភ្នំពេញ ទើប​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្តង ​។

បើតាមសមត្ថិច្ចបាន​បញ្ជាក់​ថា បន្ទាប​ពី​ទទួល​បាន​បណ្តឹងពីជនរងគ្រោះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល របស់​ខេត្តសៀមរាប បាន​ទំនាក់ទំនង សហ​ការណ៍ជាមួយ​កម្លាំង​នគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការ​ប្រ​ម៉ា​ញ់​តាមចាប់​បាន​ជន​ស​ង្ស័​យជនជាតិ​ចិន​ទាំង​២​នាក់ ​និង​ម៉ូតូ​ ជាត់ស្តែង​តែ​ម្តង​ ក្នុង​ទឹកដី​ខេត្តកណ្ដាល ។

ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​ឆែកឆេររក​ឃើញ​វត្ថុ​តាងមាន៖ ​ឧបករណ៍​គាស់​ទូរដែក ឧបករណ៍​កាច់​សោរ​ម៉ូតូ និង​ខ្សែភ្លើង​សម្រាប់ប្រព្រឹត្តបទល្មើសផង​ដែរ ។ បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវសមត្ថកិច្ចកសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់​​៕