ខេត្តរតនគិរី ៖ កម្លាំង​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង បាន​ចាប់ខ្លួន​បុរស​ម្នាក់ យក​ដុំ​ថ្ម​ដើរ​គប់​រថយន្ត អ្នក​ធ្វើ​ដំណើរ តាម​ដងផ្លូវ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៩ ត្រង់​ចំណុច​អូរ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ខាងលើ​មានឈ្មោះ សន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ជា​មនុស្ស​បែក​ថ្នាំ (​ប្រើប្រាស់​សារធាតុ​ញៀន​) ។

ក្រោយ​ពី​ឃាត់ខ្លួន​បាន​ជន​បង្ក សមត្ថកិច្ច​នាំ​ខ្លួន ចូល​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម ដកហូត​វត្ថុ​តាង​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថ្នាំ​ញៀន​ចំនួន​១​ថង់​តូច​, កូនសោ​លេខ​១៧ ចំនួន​១​ដើម បារី​មួយ​កញ្ចប់ និង​ដែកកេះ​ចំនួន​១​ដើម​ផង​ដែរ ។

បច្ចុប្បន្ន​យុវជន​បង្ក​នេះ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ចាត់ការ​តាម​នីតិវិធី ៕