ខេត្តស្ទឹងត្រែង ៖ នៅតែមានជនខិលខូចមួយចំនួន បានលួចប្រើឧបករណ៍ខុសច្បាប់ ឆក់-គប់គ្រាប់បែកច្នៃ ដើម្បីយកត្រី បង្កការគំរាមកំហែងដល់ធនធានមច្ឆជាតិ អាចមានផលប៉ះពាល់ដល់សត្វផ្សោតទឹកសាប នៅទន្លេមេគង្គលើផងដែរ ។
បើតាមលោក ឡាយ ឈុន ជាមេភូមិត្បូងខ្លា នៅឃុំអូរម្រះ ស្រុកសៀមបូក បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា ទោះបីមានមន្ត្រីជលផល និងឆ្មាំទន្លេចុះមកបង្ក្រាបដែរ តែគ្មាន ប្រសិទ្ធភាពទេ ព្រោះជនខិលខូច នៅតែលួចលាក់ធ្វើសកម្មភាពនេសាទដោយខុសច្បាប់ ប្រើប្រាស់ឧបករណ៍ឆក់ត្រី និងគប់គ្រាប់បែកច្នៃ ទាំងថ្ងៃ ក៍មានដែរ ។
លោកមេភូមិ បន្ថែមថា ប្រជាពលរដ្ឋឃើញគ្រប់ៗគ្នាហ្នឺង មិនហ៊ានធ្វើអីទេ ពេលខ្លះក្រុមជនខិលខូច គំរាមប្រជាពលរដ្ឋវិញទៀត ដល់ពេលឮថា មន្ត្រីជំនាញផ្នែកជលផល បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះល្បាត ក្រុមជនខិលខូចដឹងមុនបាត់ទៅហើយ ដល់ពេលអញ្ចឹង ប្រជានេសាទមានទុក្ខលំបាក ។
ដោយឡែកលោក វង្ស សាវឿន នាយរងខណ្ឌជលផលខេត្តស្ទឹងត្រែង លោកបានទទួលស្គាល់ថា បទល្មើសទាំងនេះពិតជាកើតមានមែន ព្រោះនៅពេលដែលសមត្ថកិច្ចចុះបង្ក្រាបម្តងៗ មានការចម្រូងចម្រាសគ្នារហូតពេលខ្លះបង្ខំឱ្យសមត្ថកិច្ច ប្រើប្រាស់អាវុធ ក៍មានដែរ ។
លោកបន្តថា បញ្ហាប្រឈមនោះ គឺមន្ត្រីជំនាញមិនអាចចាត់វិធានការបានទាំងស្រុងទេ ពោលគឺទាមទារឱ្យមានការភ្ញាក់រលឹកពីបងប្អូនប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ធនធានមច្ឆជាតិ ទាំងអស់គ្នាផងដែរ ។
នាយរងខណ្ឌជលផលខេត្តស្ទឹងត្រែង បញ្ជាក់យ៉ាងដូច្នេះថា «សូមសំណូមពរដល់ប្រជាអ្នកនេសាទទាំងអស់ សូមមេត្តាចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ ដើម្បីរក្សាសត្វផ្សោតយើងទាំងអស់គ្នា ព្រោះវាជាបេតិកភណ្ឌជាតិមួយដ៏សំខាន់ វាជាប្រភេទសត្វផ្សោតទឹកសាប ជាសត្វកម្រដែលពិភពលោកចាប់អារម្មណ៍ជាមួយយើង អញ្ចឹងសូមបងប្អូនប្រជានេសាទ ដែលនៅតាមតំបន់អភិរក្សទាំងនោះ សូមមេត្តាអនុវត្តតាមច្បាប់ជលផល ហើយព្យាយាមបង្វែរ ទៅនេសាទតាមឧបកណ៍ដែលស្រប់ច្បាប់វិញ នេសាទតាមលក្ខណៈគ្រួសារ ៕