បរទេស៖ កាលពីពេលថ្មីៗនេះគេហទំព័របរទេសបានចុះផ្សាយ តុលាការសម្រេចជំនុំជំរះក្ដីជនជាប់ទោសឈ្មោះWendell អាយុ៥៥ឆ្នាំ  ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់កូនប្រុសរបស់ខ្លួនឈ្មោះGiovami Melton អាយុ១៤ឆ្នាំ កាលពី២ឆ្នាំមុន ដោយសារតែកូនប្រុសគាត់ជាមនុស្សភេទទី៣ កាលដំបូងឡើយនោះគាត់ធ្លាប់ទាញកាំភ្លើងគម្រាមកូនប្រុសម្ដងរួចមកហើយ ក្រោយពីដឹងថាកូនប្រុសមានសង្សារជាភេទដូចគ្នា។

មុនពេលកើតហេតុកាសែតDaily Mail បានចុះផ្សាយថាកូនប្រុសគាត់បានចាកចេញពីផ្ទះដើម្បីទៅរស់នៅជាមួយមិត្តប្រុសនៅក្នុងទីក្រុងណេវ៉ាដា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឪពុកគេបានចូលទៅដល់បន្ទប់ជួលតែម្ដង ពួកគេបានឈ្លោះប្រកែកយ៉ាងខ្លាំងរឿងកូនប្រុសលួចមានសង្សារជាប្រុសដូចគ្នា រហូតដល់ជម្លោះពួកគេឈានដល់ការផ្ទុះអាវុធឡើង ឪពុកបានបាញ់សម្លាប់កូនប្រុសរហូតដល់ស្លាប់បាត់បង់ជីវិត។

ប៉ូលីសបានមកដល់កន្លែងកើតហេតុ បន្ទាប់ពីមានការរាយការណ៏តាមទូរស័ព្ទដៃមក ប៉ូលីសបានចូលទៅក្នុងបន្ទប់ប្រទះឃើញសពក្មេងប្រុសនោះដេកស្លាប់ក្នុងថ្លុកឈាមគួរឲ្យអណោចអធម៌។ ចំណែកឯឪពុកជនរងគ្រោះត្រូវបានប៉ូលីសធ្វើការចាប់ខ្លួន ព្រមទាំងត្រូវចោទពីបទធ្វើឃាតកម្មលើកូនប្រុស នឹងបទល្មើសមានអាវុធជាប់ខ្លួនដោយពុំមានច្បាប់ត្រឹមត្រូវ។

តាមការសារភាពពីឪពុកបានឲ្យដឹងថាគាត់ពិតជាបានបាញ់សម្លាប់កូនប្រុសរបស់គាត់ពិតប្រាកដមែន ហើយគាត់បានសម្ដែងទឹកចិត្តសោកស្ដាយនូវទង្វើដែលខ្លួនបានប្រព្រឹត្ត គាត់បានបន្តទៀតថាគាត់មិនតាំងចិត្តបាញ់សម្លាប់កូនប្រុសឡើយ គ្រាន់តែចង់គម្រាមតែប៉ុណ្ណោះ ចំណែកឯរឿងក្ដីរបស់គាត់នៅមិនទាន់ដឹងថាតុលាការសម្រេចផ្ដន្ទាទោសកម្រិតណាឡើយ ៕