បរទេស៖ ក្មេងស្រីសិស្សសាលាអាយុ១២ឆ្នាំម្នាក់ ពេលទៅដល់សាលាត្រូវលោកគ្រូយកសៀវភៅបោះចោលទៅលើឥដ្ឋ និងយកបន្ទាត់វាយបាតដៃ រួចស្តីបន្ទោសនាងនៅចំពោះមុខមិត្តរួមថ្នាក់ថែមទៀត ព្រោះតែនាងមិនបានធ្វើលំហាត់កិច្ចការផ្ទះ។ ស្រាប់តែពេលនោះ ក្មេងស្រីខាងលើបានតូចចិត្តតូចថ្លើម ក៏ឡើងទៅលើអគារសាលាជាន់ទី៤ ហើយលោតទម្លាក់ខ្លួនមកដី។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០១៩ នៅក្នុងសាលាបឋមមួយកន្លែង ក្នុងខេត្ត Guangdong ប្រទេសចិន។
ក្មេងស្រីរងគ្រោះដែលលោតសម្លាប់ខ្លួនពីលើអគារសាលាជាន់ទី៤ ឈ្មោះថា Xiao Ru អាយុ១២ឆ្នាំ ។ ចំណែកអ្នកគ្រូបន្ទុកថ្នាក់របស់នាងមានឈ្មោះ Wang អាយុ៤០ឆ្នាំ។


ប្រភពពីសារព័ត៌មានចិន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ អ្នកគ្រូ Wang បានឆែកសៀវភៅលំហាត់របស់ក្មេងស្រីរងគ្រោះ Xiao Ru ហើយអ្នកគ្រូ Wang បានយកសៀវភៅលំហាត់របស់ក្មេងស្រីរងគ្រោះបោះទៅលើឥដ្ឋ និងយកបន្ទាត់បាត់ដៃនាងថែមទៀត នៅចំពោះមុខសិស្សរួមថ្នាក់ដទៃទៀត ព្រោះតែក្មេងស្រីរងគ្រោះមិនទាន់ធ្វើលំហាត់។ ក្រោយពីទទួលបានការស្ដីបន្ទោសពីអ្នកគ្រូ Wang រួចមក ក្មេងស្រី Xiao Ru បានយំក្តុកក្តួលដោយក្តីឈឺចិត្ត ហើយបានដើរចេញពីថ្នាក់រៀន ទៅជាន់ទី៤ រួចលោតពីលើអគារភ្លាមៗ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានអ្នកគ្រប់គ្រងសាលា ធ្វើការដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ បំណងសង្គ្រោះជីវិត តែមិនទទួលបានផលឡើយ។
ប្រភពខាងលើបន្តថា ចំណែកបុរសជាឪពុករបស់ក្មេងស្រីរងគ្រោះបានទាមទារឲ្យអ្នកគ្រូ Wang ចេញមុខបកស្រាយ ប៉ុន្ដែអ្នកគ្រូ Wang បានលាក់ខ្លួនរហូត សូម្បីតែខាងសាលារៀន ក៏មិនបានផ្ដល់ព័ត៌ដែលទាក់ទងទៅនឹងអ្នកគ្រូ Wang ផងដែរ។ តែយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតចំពោះករណីនេះ៕