រាជធានីភ្នំពេញ៖ បុរសម្នាក់ខណៈជិះម៉ូតូស្របជាមួយរថយន្តកុងតឺន័រសុខៗ ស្រាប់តែរថយន្តបត់ស្ដាំ កិនម៉ូតូជាប់ខាងក្រោម បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។


តាមប្រភពពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 9040 ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងទៅត្បូងក្នុងទិសដៅស្របទិសជាមួយម៉ូតូ Pulssa ពាក់ស្លាកលេខ ភ្នំពេញ 1CD 2967 បើកបរដោយបុរសម្នាក់ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបត់ស្តាំមិនប្រយ័ត្ន ក៏ជ្រុលកិនម៉ូតូគាបជាប់ខាងក្រោមកង់រថយន្តតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានគេចពីកន្លែងកើតហេតុ បាត់ស្រមោល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែង រួចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕