រាជធានីភ្នំពេញ ៖ ម៉ូតូកង់បី១គ្រឿង (PassApp) ម្ចាស់ទើបតែទិញថ្មីចែស តែពេលបើកឡើងចំណោតដល់លើផ្លូវរថយន្តភ្លើង ស្រាប់តែរលត់ម៉ាស៊ីនឈឺងទៅមុខមិនរួច ថយក្រោយមិនបាន ខណៈដែលមានរថភ្លើង១ខ្សែបើកមកដល់ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏ជ្រុលបុកយ៉ាងពេញទំហឹង ។


ហេតុការណ៍ ដ៏ភ្ញាក់់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង១០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មា ត្រង់ចំណុចខាងក្រោយសាលាតិចណូ ស្ថិតសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HZ-២៨៩៥ បានបើកឆ្លងកាត់ផ្លូវរថភ្លើងក្នុងទិសដៅពីជើងទៅត្បូង តែដឹងអី ខណៈដល់លើផ្លូវរថភ្លើង ស្រាប់តែរលត់ម៉ាស៊ីនឈឹងទៅមុខមិនរួច ថយក្រោយមិនបាន ខណៈនោះរថភ្លើង១ខ្សែ បើកធ្វើដំណើរទិសដៅពីលិចទៅកើត មកដល់ ក៏បុកពេញទំហឹងតែម្តង និងអូសម៉ូតូកង់បីជាប់ក្បាលរទេសភ្លើងប្រមាណជា២០ម៉ែត្រ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយមករថភ្លើងបានរ៉ឺយ៉ែថយក្រោយចេញ រួចបើកចូលរ៉ារថភ្លើងបាត់ ចំណែកម្ចាស់កង់បីក៏ចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចយកម៉ូតូកង់បីមករក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕