ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងឌឺឱ្យលោក សម រង្ស៊ី ដែលចោទសម្តេចលួចកែសំបុត្រយន្តហោះរបស់ខ្លួនថា ពិភពលោកត្រូវប្រយ័ត្នចំពោះសមត្ថភាពរបស់សម្តេច ព្រោះសម្តេចអាចចូលទៅកែសំបុត្រយន្តហោះបាន។ បញ្ហាកម្រិតអន្តរជាតិទៅហើយ សម រង្ស៊ី ហ៊ានលើកយកមកបកស្រាយបោកប្រាស់ប្រជាពលរដ្ឋ។ ចុះទម្រាំការងារធម្មតាៗនៅក្នុងប្រទេសវិញ តើបុគ្គលនេះបោកប្រាស់ដូចម្តេចទៅ?


សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា តួនាទីរបស់មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ គ្មានថ្ងៃទទួលបានវិញឡើយក្រោយបក្សរបស់ពួកគេត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ហើយថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មីនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២ ខណៈការបោះឆ្នោតតំណាងរាស្ត្រនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៣។


ដោយឡែក ចំពោះករណីលោក កឹម សុខា វិញ សម្តេចហ៊ុន សែន បានថ្លែងថា ដំណើរការក្តីរបស់លោក កឹម សុខា មិនអាចប្រើរយៈពេលមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែនោះឡើយ គឺត្រូវប្រើរយៈពេលវែង៕