ខេត្តតាកែវ ៖ បុរសម្នាក់បានបើកម៉ូតូឌុបប្រពន្ធ ក្នុងល្បឿនលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលទាំង២គ្រឿង ហើយអ្នកជិះម៉ូតូទាំង២ភាគី បោកជាមួយថ្នល់រងរបួសធ្ងន់ស្រាលទៅដល់៥នាក់ ដេកដួលនៅកន្លែងកើតហេតុឲ្យរដូករណែល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១១-១២ ស្ថតិភូមិព្រៃឈើទាល ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ។


សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះយ៉ុង ភា ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកដា ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ (របួសធ្ងន់) បានបើកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-3316 ដោយឌុបប្រពន្ធឈ្មោះ សុខ ចាន់ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច ក្នុងលឿនគួរសម។ លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្កនបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-6488 បើកបរដោយឈ្មោះ ជា ហឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រែឃ្លេ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់) បើកបញ្ច្រាសទិសគ្នា រួមដំណើរដោយឈ្មោះ ជា សេងហាក់ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន និងឈ្មោះជា លីហ៊ួរ ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស បណ្ដាលឲ្យរបួសស្រាលទាំង២នាក់។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទាំង៥នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បន្ទាប់មក ទើបធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕