ខេត្តកណ្តាល៖ បុរស២នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរ ហើយគ្រាន់តែគេចុចស៊ីផ្លេរថយន្តឲ្យចៀសផ្លូវសោះ ស្រាប់តែខឹងច្រឡោត និងបានទូរស័ព្ទហៅបក្ខពួក មកស្ទាក់វាយគេគ្មានញញើតដៃ និងគប់បំបែកកញ្ចក់រថយន្តរបស់គេទៀត។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង ១៩ និង៤០នាទីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
ជនរងគ្រោះ០២នាក់ ទី១.ឈ្មោះ មិន ធារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្តដឹកឥដ្ឋ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (របួស ហើមលើផ្ទៃមុខ បែកក្បាលផ្នែកខាងក្រោយ ០១កន្លែង និងខូចរថយន្ត បែកកញ្ចក់ទាំងសងខាង និងកញ្ចក់ខាងមុខ)។ ទី២.ឈ្មោះ ម៉េង អនុភា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋ មានទីលំនៅភូមិឃុំជាមួយគ្នា (របួសលើគុម្ពត្រចៀកខាងឆ្វេង ០១កន្លែង ប៉ោងក្រោមភ្នែកឆ្វេង ០១កន្លែង និងហើមដើមដៃខាងឆ្វេង ០១កន្លែង)។


ចំណែក ជនសង្ស័យ០៦នាក់ (ស្គាល់ឈ្មោះ ០៤នាក់) ទី១.ឈ្មោះ អុន សំអាត ហៅ ខួច ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ខូចខាតម៉ូតូ ០១គ្រឿង ម៉ាកស្មាកវី ពណ៌ខ្មៅ) (ឃាត់ខ្លួន)។ ទី២.ឈ្មោះអេន ឆេងហុង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា (ខូចខាតម៉ូតូ ០១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ) (ឃាត់ខ្លួន)។ ទី៣.ឈ្មោះចាប ថុនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។ ទី៤.ឈ្មោះហូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)និង២នាក់ទៀត មិនស្គាល់ឈ្មោះទេ។ ដកហូតម៉ូតូ ០២គ្រឿង (-ម៉ាក ហុងដាC125 ០១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ផ្លាកលេខ ភ្នំពេញ 1DE-3324។ និងម៉ាកស្មាកវី ០១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ផ្លាកលេខ ភ្នំពេញ 1FY-9686។) និងរថយន្ត ០១គ្រឿង ម៉ាក ហ៊ិនដាយ ៥តោន ក្បាលពណ៌ស ផ្លាកលេខ កណ្តាល 3A-0966។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មិន ធារិទ្ធ បានបើករថយន្តដឹកឥដ្ឋជាមួយព្រូឡានឈ្មោះ ម៉េង អនុភា ចេញពីឃុំព្រែកអញ្ចាញ ទៅដឹកឥដ្ឋនៅឃុំព្រះប្រសប់ ពេលមកដល់គល់ស្ពានព្រែកតាមាក់ ខាងស្រុកមុខកំពូល ក្រុមជនសង្ស័យឈ្មោះអុន សំអាត ឈ្មោះ ចាប ថុនា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បើកម៉ូតូ ០២គ្រឿង ពីមុខរថយន្ត ពេលនោះឈ្មោះ មិន ធារិទ្ធ បានស៊ីផ្លេរថយន្តខ្លាំងៗ ព្រមទាំងស្រែកជេរ បន្ទាប់មកឈ្មោះ អុន សំអាត ឈ្មោះ ចាប ថុនា និងម្នាក់ទៀតបានជិះម៉ូតូដេញតាមក្នុងនោះឈ្មោះ អុន សំអាត បានទូរស័ព្ទហៅមិត្តភក្តិ ០៣នាក់ទៀត ឈ្មោះ អេន ឆេងហុង ឈ្មោះ ហូ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ នាំគ្នាជិះម៉ូតូដេញតាមរថយន្តរបស់ឈ្មោះ មិន ធារិទ្ធ ដល់ផ្សារព្រះប្រសប់ ក៏តាមទាន់ដោយឈ្មោះ មិន ធារិទ្ធឈប់ទិញទឹកផឹកពេលនោះក្រុមជនសង្ស័យបានគ្នាឡើងទៅលើកាប៊ីនរថយន្ត រួចវាយឈ្មោះ មិន ធារិទ្ធ បណ្តាលឲ្យត្រូវចំមុខជាច្រើនដៃ បន្ទាប់មកឈ្មោះ មិន ធារិទ្ធ បានបើករថយន្តទៅមុខ ភ្លាមនោះក្រុមជនសង្ស័យលោតចុះពីលើរថយន្ត ស្រាប់តែឈ្មោះ មិនធារិទ្ធ បើករថយន្តថយក្រោយកិនលើម៉ូតូក្រុមជនសង្ស័យបណ្តាលឲ្យខូចខាត ០២គ្រឿង ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពដោយយកដុំថ្មគប់ចូលទៅក្នុងកាប៊ីនរថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តទាំងសងខាង និងបែកកញ្ចក់ខាងមុខ ព្រមទាំងធ្វើឲ្យឈ្មោះ មិន ធារិទ្ធ និងឈ្មោះ ម៉េង អនុភា រងរបួស។

ប្រភពបន្តថា ក្រោយមកឈ្មោះ មិន ធារិទ្ធ បានលោតចុះពីលើរថយន្តក៏ត្រូវក្រុមជនសង្ស័យវាយថែមទៀត បន្ទាប់មកអ្នកនៅក្បែរនោះបានចូលទៅឃាត់ ហើយកម្លាំងប៉ុស្តិ៍ព្រះប្រសប់ ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ រួមជាមួយវត្តុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕