រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ និងថ្កោលទោស ចំពោះវិទ្យុអាស៊ីសេរី ដែលមានចេតនាផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងបំភាន់សាធារណជន អំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA»។


ក្រសួងការបរទេស បានបញ្ជាក់ថា អនុលោមតាមនីតិវិធី គណៈកម្មការអឺរ៉ុបបានបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវរបាយការណ៍បឋមរបស់ខ្លួន អំពីការវាយតម្លៃពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ ពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA» ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវផ្តល់យោបល់ទៅលើរបាយការណ៍នេះ ក្នុងកំឡុងពេលមួយខែ។


ក្រសួងការបរទេសបន្តថា ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងធ្វើការពិនិត្យរបាយការណ៍នេះទាំងមូល ហើយនឹងផ្តល់ការឆ្លើយតបសមស្របមួយ តាមពេលវេលាកំណត់ ដែលនឹងឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៃការវិវត្តថ្មីៗ នៅក្នុងវិស័យដែលជាការព្រួយបារម្ភ របស់គណៈកម្មការអឺរ៉ុប។ តាមការរំពឹងទុក គណៈកម្មការអឺរ៉ុបនឹងធ្វើសេចក្តីសម្រេច នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ថាតើ នឹងត្រូវដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ឬយ៉ាងណា។
ក្រសួងសង្កត់ធ្ងន់ថា «ដោយអនុលោមតាមការប្រតិបត្តិតាមផ្លូវការទូត និងល័ក្ខខ័ណ្ឌនានារបស់គណៈកម្មការអឺរ៉ុប របាយការណ៍នេះ ត្រូវបានចាត់ទុកជាឯកសារសម្ងាត់។ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយ និងថ្កោលទោស ចំពោះវិទ្យុអាស៊ីសេរី ដែលមានចេតនាផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងបំភាន់សាធារណជន អំពីរបាយការណ៍របស់គណៈកម្មការអឺរ៉ុប។ យោងទៅលើពាក្យពេចន៍ និងកថាខណ្ឌ ដែលបានដកស្រង់យកមកផ្សព្វផ្សាយ ដោយយកចេញពីរបាយការណ៍នេះ មិនត្រឹមត្រូវតាមខ្លឹមសារដើមឡើយ»។


ក្រសួងការបទេសបានបន្ថែមទៀតថា «ព័ត៌មានមិនពិតដូចនេះ បានបង្កើតនូវក្ដីបារម្ភមិនគួរមាន ដែលពាក់ព័ន្ធដល់កម្មកររាប់ម៉ឺននាក់ ធ្វើឱ្យសាធារណជនភាន់ច្រឡំ និងធ្វើឱ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះមន្រ្តីរាជរដ្ឋាភិបាល ដែលវិទ្យុអាស៊ីសេរី អះអាងថាបានធ្វើឱ្យបែកធ្លាយឯកសារ។ ម្យ៉ាងវិញទៀត សកម្មភាពរបស់វិទ្យុអាស៊ីសេរី បញ្ជាក់យ៉ាងច្បាស់ថា វិទ្យុនេះមិនមែនជាប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបាន ប៉ុន្តែគ្រាន់តែជាស្ថានីយឃោសនាមួយ ដែលបម្រើដល់ក្រុមនយោបាយមួយប៉ុណ្ណោះ»៕


តែវិទ្យុអាស៊ីសេរី សូមបញ្ជាក់ថា សេចក្តីរាយការណ៍នោះ គឺផ្អែកលើឯកសារដែលទទួលបានពីប្រភពផ្លូវការ ដែលសុំមិនបញ្ចេញឈ្មោះ ហើយថាដើម្បីជ្រាបច្បាស់ អំពីរបាយការណ៍ដែលអាស៊ីសេរីទទួលបាននោះ សូមលោកអ្នកនាងចូលមើលនៅក្នុងទំព័រហ្វេសប៊ុកអាស៊ីសេរី ដែលយើងបានផ្សាយទំព័រខ្លះ នៃឯកសារដែលកម្រាស់ ៧០ទំព័រនោះ៕