រាជធានីភ្នំពេញ៖ ជនសង្ស័យជើងខ្លាំងម្នាក់បានស្ទាក់គំរាមយកលុយពីបុរសម្នាក់ចំនួន២០០ដុល្លារ តែជនរងគ្រោះឲ្យតែ៥០ដុល្លារ ស្រាប់តែជនសង្ស័យខឹងតាមវាយកញ្ចក់រថយន្តដល់ផ្ទះ រួចគេចខ្លួនបាត់មួយសប្ដាហ៍ ទើបសមត្ថកិច្ចតាមចាប់ខ្លួនបាន នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


ជនរងគ្រោះ ឈ្មោះ ភឿន រដ្ឋណា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ១៧៨ ផ្លូវបេតុង ក្រុមទី១ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កឈ្មោះសាន់ ចន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយប្រពន្ធចេញពីផ្ទះ នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ទៅយកលុយថ្លៃផ្ទះជួល នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ បានចំនួន៥៩០ដុល្លារ រួចក៏ជិះម៉ូតូជាមួយប្រពន្ធ យកលុយផ្ទះជួលទៅឲ្យជីតានៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ។ ពេលនោះ ចៃដន្យក៍បានជួបជនសង្ស័យមកសុំលុយចំនួន ២០០ដុល្លារ តែជនរងគ្រោះឲ្យ៥០ដុល្លារ ស្រាប់ជនសង្ស័យខឹង ក៏ជិះម៉ូតូតាមមកដល់ផ្ទះជនរងគ្រោះនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ វាយកំទេចកញ្ចក់រថយន្ត របស់ជនរងគ្រោះបណ្តាលឲ្យបែកកញ្ចក់មុខចំនួនមួយផ្ទាំង រួចក៏គេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ។សមត្ថកិច្ចបានបន្តថា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះតាមរកជនសង្ស័យឃើញនៅផ្ទះលេខ៧៧ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាល ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕