ហុងកុង៖ ក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង គ្រោងនឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងហុងកុង នៅថ្ងៃស្អែកនេះ ដើម្បីសម្ដែងការថ្កោលទោសចំពោះក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រើអំពើហិង្សាប្រឆាំងរដ្ឋាភិបាល និងការគាំទ្រដល់ប៉ូលិស ដែលកំពុងក្លាយជាគោលដៅវាយប្រហារ ពីសំណាក់បាតុករហុងកុងមួយចំនួន។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់អង់គ្លេស បានធ្លាក់ចូលក្នុងភាពវឹកវរអស់រយៈពេលច្រើនជាង៥ខែ មកហើយ ដោយសារតែបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារនូវអ្វី ដែលពួកគេហៅថា សេរីភាព ប្រជាធិបតេយ្យពេញលេញ ព្រមទាំងការស៊ើបអង្កេតលើប៉ូលិសប្រើប្រាស់ហិង្សា បើទោះជាសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានលុបចោលក៏ដោយ។


ក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់បានប្រមូលផ្ដុំគ្នាជាច្រើនលើកហើយ តែចំនួនអ្នកចូលរួមតិចជាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី Carrie Lam និងរដ្ឋាភិបាលកុម្មុយនីស្ដចិន។
អ្វីដែលគេព្រួយបារម្ភនៅពេលនេះនោះ គឺខា្លចក្រុមបាតុករគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង និងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ះទង្គិចគ្នាដោយហិង្សា ដែលអាចនឹងធ្វើឱ្យស្ថានភាពកាន់តែវឹកវរ ឬក៏ជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងបាយជាជម្រើសចុងក្រោយ ដើម្បីដោះស្រាយបញ្ហា។


បើតាមប៉ូលិសហុងកុង បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បុរសចំណាស់ជាអ្នកបោសសំអាតផ្លូវម្នាក់ អាយុ៧០ឆ្នាំ បានបាត់បង់ជីវិត ក្រោយរងរបួសធ្ងន់ដោយសារការគប់ឥដ្ឋចំក្បាល ពីសំណាក់ក្រុមកុបករ ពាក់ម៉ាស្ស បិទមុខមួយចំនួន ដែលរងការចោទប្រកាន់ផងដែរថា បានដុតបុរសម្នាក់ឱ្យរងរបួសធ្ងន់កាលពីថ្ងៃចន្ទ កន្លងទៅ៕