ខេត្តកណ្ដាល៖ ម៉ូតូ២គ្រឿងបើកបរពីមុខរថយន្ត អ្នកបើកបររថយន្តដឹកឥដ្ឋ បានស៊ីផ្លេរថយន្តខ្លាំងៗ ព្រមទាំងស្រែកជេរអ្នកជិះម៉ូតូថា៖ «អាចុយម្រាយ! អ្ហែងចង់ងាប់ ?» អ្នកជិះម៉ូតូផ្ទុះកំហិង ក៍ទូរស័ព្ទហៅមិត្តភក្តិ០៣នាក់ទៀត ដេញតាមវាយអ្នកបើកបរ និងព្រូ ឲ្យរងរបួសធ្ងន់ ឯរថយន្តបែកកញ្ចក់ទាំងសងខាង តែអ្នកបើកបររថយន្តថយក្រោយកិនលើម៉ូតូក្រុមជនសង្ស័យបណ្តាលឲ្យខូចខាត០២គ្រឿងវិញដែរ ។
ករណីហិង្សាមួយនេះកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
ជនរងគ្រោះ២នាក់ រួមមាន ៖
១/ឈ្មោះ មិន ធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករថយន្តដឹកឥដ្ឋ របួសហើមលើផ្ទៃមុខ បែកក្បាលផ្នែកខាងក្រោយ ០១កន្លែង ។
២/ឈ្មោះ ម៉េង អនុភា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកឥដ្ឋ របួសលើគុម្ពត្រចៀកខាងឆ្វេង ០១កន្លែង ប៉ោងក្រោមភ្នែកឆ្វេង ០១កន្លែង និងហើមដើមដៃខាងឆ្វេង ០១កន្លែង)។
អ្នកទាំង២ មាននទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៦នាក់(ស្គាល់ឈ្មោះ៤នាក់) ក្នុងនោះមាន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៖
១/ឈ្មោះ អុន សំអាត ហៅ ខួច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ខូចខាតម៉ូតូ ០១គ្រឿង ម៉ាកស្មាកវី ពណ៌ខ្មៅ)។
២./ឈ្មោះ អេន ឆេងហុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការសំណង់ (ខូចខាតម៉ូតូ ០១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ) ។
ចំណែក២នាក់ដែលស្គាល់តែឈ្មោះ ហើយគេចខ្លួនបាត់ ឈ្មោះ ចាប ថុនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ និងម្នាក់ទៀតឈ្មោះ ហូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DE-3324 ម៉ូតូ១គ្រឿងម៉ាក ស្មាកវី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-9686 និងរថយន្ត១គ្រឿងម៉ាក ហ៊ិនដាយ ៥តោន ក្បាលពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-0966។


មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មិន ធារិទ្ធ បើករថយន្តដឹកឥដ្ឋជាមួយព្រូឡានឈ្មោះ ម៉េង អនុភា ចេញពីឃុំព្រែកអញ្ចាញ ទៅដឹកឥដ្ឋនៅឃុំព្រះប្រសប់ ពេលមកដល់គល់ស្ពានព្រែកតាមាក់ ស្រុកមុខកំពូល ក្រុមជនសង្ស័យឈ្មោះអុន សំអាត និងឈ្មោះ ចាប ថុនា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានបើកម៉ូតូ០២គ្រឿងពីមុខរថយន្ត មិនព្រមអែបខាង ខណ:នោះឈ្មោះ មិន ធារិទ្ធ បានស៊ីផ្លេរថយន្តខ្លាំងៗ ហើយស្រែកជេរថា៖ «អាចុយម្រាយ!អ្ហែងចង់ងាប់?» ។ ឮដូច្នេះ ជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូដេញតាម ហើយបានទូរស័ព្ទហៅមិត្តភក្តិ៣នាក់ទៀត ឈ្មោះ អេន ឆេងហុង និងឈ្មោះ ហូ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ នាំគ្នាជិះម៉ូតូដេញតាមរថយន្តរបស់ជនរងគ្រោះ ដល់ផ្សារព្រះប្រសប់ ក៏តាមទាន់ ដោយអ្នកបើកបររថយន្តឈ្មោះ មិន ធារិទ្ធ ឈប់ទិញទឹកផឹក ភ្លាមនោះក្រុមជនសង្ស័យឡើងទៅលើកាប៊ីនរថយន្ត វាយអ្នកបើកបរ និងព្រូត្រូវចំមុខជាច្រើនដៃ ឲ្យរងរបួសធ្ងន់ បានលោតចុះពីលើរថយន្ត ក៏ត្រូវក្រុមជនសង្ស័យវាយថែមទៀត តែអ្នកនៅក្បែរឃើញចូលទៅឃាត់។ បន្តិចក្រោយមក ឈ្មោះ មិន ធារិទ្ធ បានបើករថយន្តថយក្រោយកិនលើម៉ូតូក្រុមជនសង្ស័យេះបណ្តាលឲ្យខូចខាត០២គ្រឿង វិញដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ ចំណែក៤នាក់ទៀតរត់គេចខ្លួនបាត់៕