រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង ឃាត់ខ្លួនជនសង្ស័យជាសិស្សសាលាវិទ្យាល័យជម្ពូវន្ត២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីកម្មការិនីរោងចក្របានសម្រេច ហើយព្យាយាមជិះគេចខ្លួន ។
ការឃាត់ខ្លួននេះ បានថ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើទី១ ឈ្មោះ អៀង ចាន់ដែន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស និងទី២៖ឈ្មោះ សុក សុផានិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅសាលាជម្ពូវន្ត ។
ចំណែកនារីរងគ្រោះមាន ឈ្មោះ គង់ ចាន់ធឿន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការនៅរោងចក្រ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទះ និងដើរបំណងទៅហូបបាយ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកម៉ាកឌ្រីមសង់ C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-1742 មកធ្វើឲ្យសកម្មភាពឆក់ទូរស័ព្ទរបស់រងគ្រោះម៉ាកអាយហ្វូនបានសម្រេច ហើយព្យាយាមជិះគេចខ្លួនសំដៅទៅទិសខាត្បូង ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដេញរហូតទៅដល់សង្កាត់ប្រទះឡាង ទើបសមត្ថកិច្ចឃាត់បានតែម្តង ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ប្រគល់ទៅឲ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ភ្លើងឆេះរទះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕