រាជធានីភ្នំពេញ៖ រថយន្តមីស៊ុយមិតស៊ីដឹកអង្ករមួយគ្រឿង សាកកម្លាំងជាមួយរថយន្តកុងតឺន័រ ដោយបុកចំពាក់កណ្ដាល បណ្ដាលឱ្យរថយន្ដកុងតឺន័រក្រឡាប់បះម្ខាង រីឯរថយន្តដឹកអង្ករជ្រុលទៅបុកសួនផ្លូវ ហើយជាប់ហ្គារ ហុយផ្សែងចេញជាអណ្តាតភ្លើងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅចំណុចស្តុបបែកជាបួន ប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C-2197 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងកាត់ផ្លូវភ្នំពេញហាណូយ ឆ្ពោះទៅផ្លូវសម្ដេចជាស៊ីមស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកមីស៊ុយមិតស៊ី ធុនធំ ដឹកអង្ករ មួយគ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-3128ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លឿនដូចហោះ ចាប់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកុងតឺន័រ បណ្តាលឱ្យរថយន្តកុងតឺន័រក្រឡាប់បះជើងម្ខាង ។ ចំណែកឯរថយន្តដឹកអង្ករជ្រុលចង្លូតទៅបុកសួនផ្លូវខ្ទេចផ្នែកខាងមុខ ជាប់ហ្គារហុយផ្សែងគាំងម៉ាស៊ីនចេញជាអណ្តាតភ្លើង ឆេះហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការាជធានីភ្នំពេញចំនួន១គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដាលបន្តទៀត ។ តែមិនបណ្តាលមានមនុស្សណាម្នាក់ រងរបួសនោះទេគឺគ្រាន់តែខូចខាតតែរថយន្តប៉ុណ្ណោះ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕