រាជធានីភ្នំពេញ៖ គ្រួសារមួយត្រូវបាននារីម្នាក់លួចយកកូនស្រីពីផ្ទះបាត់ ចំនួន២ថ្ងៃហើយ នៅតែមិនទាន់រកឃើញនៅឡើយ ពួកគាត់បានលើកដៃទទូចសុំការអន្តរាគមន៍ ពីសមត្ថកិច្ចគ្រប់ច្រកល្ហក និងប្រជាពលរដ្ឋផងដែរ ប្រសិនបើឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោម សូមមេត្តាជួយផ្ដល់ដំណឹងជូនគ្រួសារគាត់ផង។
ករណីលួចយកកូនស្រីពីផ្ទះបាត់នេះ បានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញ ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខេត្តពោធិ៍សែនជ័យ ។
អ្នកស្រី លន ប៉ិ ជាម្ដាយបានរៀបរាប់ទាំងទឹកភ្នែក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា កូនរបស់អ្នកស្រីដែលត្រូវគេលួចនោះមានឈ្មោះ ប៊ុនថា សុពៀន អាយុ១ឆ្នាំ៩ខែ ត្រូវបាននារីម្នាក់លួចចេញពីផ្ទះបាត់តែម្ដង។


មុនពេលកើតហេតុ អ្នកស្រីបានជួលស្រ្តីវ័យចំណាស់ម្នាក់ឱ្យជួយមើលថែកូនរបស់អ្នកស្រី ព្រោះអ្នកស្រី និងស្វាមីទៅធ្វើការងារប្រចាំថ្ងៃ តែស្រ្តីវ័យចំណាស់នោះមានធុរៈ សុំទៅស្រុកកំណើតប្រហែល ២-៣ថ្ងៃ ទើបត្រលប់មកវិញ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា អ្នកស្រីក៏បានរកនារីម្នាក់ទៀត អាយុប្រហែលជាង៣០ឆ្នាំ ឱ្យជួយមើលកូនជំនួស។ ប៉ុន្តែចូលដល់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ម៉ោងប្រមាណ៨ព្រឹក ស្រាប់តែនារីចិត្តខ្មៅរូបនេះ លួចយកកូនអ្នកស្រីចេញទៅបាត់។
អ្នកស្រី លន ប៉ិ ជាម្ដាយបានឱ្យដឹងថា ក្នុងពេលបាត់កូនស្រីនោះ មានគេឃើញនារីខាងលើយកកូនរបស់អ្នកស្រី ទៅពពាយនាយលក់ នៅមណ្ឌលសុខភាពកំបូល ដោយកុហកថា ក្មេងស្រីនេះកូនរបស់ខ្លួន។ ជាមួយគ្នានោះ ក៍មានលោកគ្រូពេទ្យម្នាក់ បានឃើញនារីនោះពពាយនាយលក់ក្មេងស្រីនោះដែរ ដោយមានការសង្ស័យ លោកគ្រូពេទ្យម្នាក់នោះ ក៏បានថតរូបភាព២ប៉ុស្ដិ៍ ទុកក្នុងទូរស័ព្ទដៃរបស់គាត់។ លុះដល់ដឹងថា គាត់បាត់ក្មេងស្រី លោកគ្រូពេទ្យខាងលើក៏បានសួរ និងផ្ញើរូបដែលគាត់ថតបានបញ្ជូនមកគាត់ជាម្ដាយ ទើបគាត់ដឹងថា ជាកូនរបស់គាត់ប្រាកដមែន។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមគ្រួសារគាត់ រកកូនស្រីរបស់ខ្លួនមិនទាន់ឃើញនៅឡើយ ហើយនៅតែគ្មានតម្រុយបន្ដិចទាល់តែសោះ។


អ្នកស្រី លន ប៉ិ បានបញ្ជាក់ដែរថា៖ ដំបូលឡើយ នារីដែលលួចយកកូនគាត់ទៅពពាយនាយលក់នេះ ដំបូងឡើយ ត្រូវប្ដីធ្វើបាបនៅឯស្រុកកំណើត រហូតដល់លែងលះគ្នា ហើយបានរត់មកនៅភ្នំពេញ ក៏បានចូលធ្វើការជាមួយបងប្អូនជីដូនមួយរបស់គាត់។ ដោយឃើញដូច្នេះ គាត់មានចិត្តអាណិតអាសូរ ហើយស្របពេលអ៊ំស្រី ដែលធ្លាប់មើលកូនឱ្យគាត់មានធុរៈ សុំច្បាប់ទៅស្រុកកំណើរផងនោះ គាត់ក៏ហៅនារីខាងលើមកមើលកូនរបស់គាត់ជំនួសអ៊ំចាស់សិនមួយរយៈសិន។
អ្នកស្រី លន ប៉ិ ក៏សូមលើកដៃប្រណមអំពាវនាវដល់សមត្ថកិច្ចគ្រប់ច្រកល្ហក សូមមេត្តជួយអន្តរាគមន៍ជួយស្រាវជ្រាវរកកូនស្រីគាត់ផង ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ប្រសិនបើបានឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោម សូមជួយផ្ដល់ដំណឹងមកគាត់តាមរយៈលេខទូរស័ព្ទ៖ 077 213 507 ដោយក្ដីអនុគ្រោះផង៕