ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្រី​ម្នាក់ បាន​រង​របួស​នៅ​ត្រង់​ក្បាល​និង​ភ្នែក​គួរ​ឲ្យ​អាសូរ ដោយសារ​ទូរស័ព្ទ​ដៃ​ដែល​កំពុង​ដោត​សាក​ថ្ម បាន​ផ្ទុះ​នៅ​នៅ​ចម្ងាយ​៣​ម៉ែត្រ​ទៅ​៤​ម៉ែត្រ ពី​កន្លែង​នាង​តូច​ដេក កាលពី​វេលា​ម៉ោង​២​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៥ វិច្ឆិកា ២០១៩​នេះ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ ទំនង​​ត្រូវជា​ជីដូន​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​អះអាងអម​ដោយ​រូបភាព​ថា « ធ្លាប់តែ​ឮ តាម​បណ្តា​យ​ព័ត៌មាន ប៉ុន្តែ​បែរជា​ប៉ះ​ចៅ​ខ្ញុំ នាង​រស់នៅ​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ គឺ​ក្មួយ​ស្រី​ខ្ញុំ បញ្ចូល​ថ្ម​ទូរស័ព្ទ ចំណាយ​៤​ទៅ​៥​ម៉ែត្រ ពី​កន្លែងដេក តែ​នៅ​ផ្ទុះ ត្រូវ​ទៀត ។ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ផង​ណា​.! សូម​ឆាប់​ជា​ណា​ចៅ​.!» ។

សារ​ដាស់តឿន ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ករណី​ផ្ទុះ​ថ្ម​ទូរស័ព្ទ​បណ្តាល​ឲ្យរងរបួស​បែប​នេះ មាន​ជន​រង​គ្រោះ​ខ្លះ ​មានការ​ធ្វេសប្រហែសបាន​​ជួប​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត​ក៏​មាន ជា​ពិសេស​អ្នក​និយម​លេង​ទូរស័ព្ទ​បណ្ដើរ សាក​ថ្ម​បណ្ដើរ ឫ​សាក​ថ្ម​ហើយ ដាក់​កាស់​ ដេក​ស្តាប់​ចម្រៀង ​រហូត​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ។ ហេតុនេះ សូម​បងប្អូន គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ! ជា​ពិសេស​ចំពោះ​គ្រឿង​ចម្លង​អេ​ឡិ​ត​ត្រូ​និ​ច (​ដូច​ជា​ឆ្នាំង​សាក​ទូរស័ព្ទ​ជាដើម​) ដែល​មាន​តម្លៃ​ថោក គុណភាព​អន់​ ​ព្រោះ​​មិនមែន​ជា​ផលិត​សុទ្ធ​ចេញពី​ក្រុមហ៊ុន ក៏​អាច​ផ្ទុះ​បាន​ដោយ​ងាយ​ផង​ដែរ ៕