ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ចាប់ពីឆ្នាំ១៩៥២ បវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី ក៏បានក្លាយនៅជាមហេសីដ៏មានឥទ្ធិពលបំផុត របស់ព្រះមហាក្សត្រនរោត្តម សីហនុ រហូតធ្វើឲ្យព្រះអង្គបញ្ឈប់ការផ្សងព្រេងក្នុងល្បែងស្នេហាជាមួយស្រីផ្សេងៗទៀត ចាប់ពីពេលនោះមក។
ក្រោយពីបានក្លាយជាមហេសីរបស់ព្រះមហាក្សត្រមក អតីតបវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី មានព្រះនាមថា អ្នកម្នាងម៉ូនិក សីហនុ។នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ អ្នកម្នាងក៏បានប្រសូត្របានបុត្រាមួយព្រះអង្គព្រះនាមនរោត្តម សីហមុនី។

បុត្រានរោត្តម សីហមុនី និង នរោត្តម នរិន្ទ្រពង្ស ជាមួយព្រះបិតានិងព្រះមាតា

ព្រះរាជកុមារសីហមុនី បានចូលសិក្សានៅសាលាបឋមសិក្សានរោត្តម បន្ទាប់មកនៅវិទ្យាល័យដេកាដ៏ ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ។ ពីឆ្នាំ១៩៦២ ព្រះបិតាបានបញ្ចូនឲ្យទៅបន្តការសិក្សានៅទីក្រុងប្រាដ ប្រទេសឆេកូស្លូវ៉ាគី ជំនាញផ្នែកតន្ត្រី និងរបាំរហូតដល់ឆ្នាំ១៩៧៥។ ទ្រង់ចេះភាសាបារាំង និងភាសាឆេកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ព្រះអង្គអាចប្រាស្រ័យ ទាក់ទងជាភាសាអង់គ្លេស និងរុស្ស៊ី បានល្អប្រសើរផងដែរ។នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ អ្នកម្នាងម៉ូនិក ប្រសូត្របានបុត្រាមួយព្រះអង្គទៀត ព្រះនាមនរោត្តម នរិន្ទ្រពង្ស។ នៅវ័យព្រះរាជកុមារ ទ្រង់នរិន្ទ្រពង្ស បានចូលសិក្សានៅសាលានរោត្តម និងសាលាដេកាដ៏ រួចហើយត្រូវព្រះបិតាបញ្ចូនឲ្យទៅរៀនសាកលវិទ្យាល័យនៅទីក្រុងមូស្កូ សហភាពសូវៀត។

បុត្រានរោត្តម សីហមុនី និង នរោត្តម នរិន្ទ្រពង្ស ជាមួយនិងព្រះមាតា

ព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស មានជំនឿជឿជាក់លើលិទ្ធិកុម្មុយនិស្ត ដូចពួកមេដឹកនាំខ្មែរក្រហម ដែរ។ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ជាមួយក្រមុំខ្មែរម្នាក់ឈ្នោះឯក ស៊ីនួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៨៣ នៅប្រទេសបារាំង និងមានបុត្រី២អង្គ គឺម្ចាស់ក្សត្រីនរោត្តម ស៊ីម៉ូណារីន ប្រសូត្រនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៨៤ និងម្ចាស់ក្សត្រីនរោត្តម មុនីនុ ប្រសូត្រថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៧។ព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស សោយទិវង្គតថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ នៅទីក្រុងប៉ារីស៕

បុត្រានរោត្តម សីហមុនី និង នរោត្តម នរិន្ទ្រពង្ស