រាជធានីភ្នំពេញ៖ កាលពី១ម៉ោងមុន លោកទូច សុខៈ ពិធីករអានព័ត៌មានទូរទស្សន៍ហង្សមាស បានសរសេរបង្ហោះហ្វេសប៊ុកថា « ចប់! អាស្រមដំបូង ដែលម៉ែឱ្យលុយបង់ធនាគារផ្ដាច់ ឥឡូវត្រូវលោកភ្លើងវាយប្រហារ។ ១៥ វិច្ឆិកា ២០១៩»។


សូមបញ្ជាក់ថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ១២៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០២ ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ម្ចាស់ផ្ទះរងឈ្មោះ អ៊ុច សុខហេង ភេទស្រី អាយុ៧២ឆ្នាំ មុខរបរជរានៅផ្ទះ ។ ផ្ទះរងគ្រោះធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រគុណនឹង១២ម៉ែត្រ និង១ខ្នងទៀត ទំនងជាផ្ទះរបស់លោកទូច សុខៈ ។ ហេតុការណ៍ខាងលើ បានឆេះបំផ្លាញផ្ទះ២ខ្នងទាំងស្រុង និងរោលជញ្ជាំងផ្ទះដែលនៅក្បែរខាងអស់ចំនួន២ខ្នង និងមិនបណ្តាលឲ្យមានគ្រោះថ្នាក់មនុស្ស ។


ករណីអគ្គិភ័យ រថយន្តការិយាល័យអគ្គិភ័យ ចំនួន៩គ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងរថយន្តជំនួយរបស់កងរាជាអាវុធហត្ថរាជធានីភ្នំពេញចំនួន៥គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ទើបអាចពន្លត់បានទាំងស្រុងនៅម៉ោង១០និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕