រាជធានីភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងអំពីការសម្រេចបិទការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិហើយ ពាក់ព័ន្ធនឹងបទល្មើស សន្ទិដ្ឋិភាពជាមួយបរទេស។ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅជំនុំជម្រះនាពេលខាងមុខ។
នេះបើតាមសេចក្តីជូនដំណឹងរបស់តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។


សេចក្តីជូនដំណឹងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អំពីការសម្រេចបិទការស៊ើបសួរលើសំណុំរឿងលោក កឹម សុខា បានបញ្ជាក់ថា៖ «ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នោះយើងបានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ»។


កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។
ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។


សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕