ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចគាស់ទូយកគ្រឿងអលង្ការកាឡៃ និងគ្រឿងសម្អាង បាន៥ថ្ងៃ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងផ្សារ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។


ជនសង្ស័យឈ្មោះ សាយ ឌុក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង។
ជនរងគ្រោះឈ្មោះ គឿង ជឿងថាក់ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ សម្ភារ:បាត់បង់៖ គ្រឿងអលង្ការ (កាឡៃ) និងគ្រឿងសម្អាង គិតជាប្រាក់ដុល្លារចំនួន ១៨,០០០ដុល្លារ ប្រាក់រៀលចំនួន ៣,០០០,០០០រៀល។


កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យបានលួចគាស់ទូកញ្ចក់យកគ្រភងអលង្ការ (កាឡៃ) និងគ្រឿងសម្អាងរបស់ជនរងគ្រោះ ដែលដាក់លក់នៅក្នុងផ្សារ ។ ក្រោយកើតហេតុ ជនរងគ្រោះបាន ដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ច ឲ្យចុះអន្តរាគមន៍តាមចាប់ជនសង្ស័យបាន និងដកហូតវត្ថុតាងជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះមួយចំនួនមកវិញ។
ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕