រាជធានីភ្នំពេញ ៖ ស្រ្តីជាជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខតូបលេខ៣៤ (ផ្សារច្បារអំពៅ) ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៨៤ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះគីម ធី ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើ មុនពេលកើតហេតុ ជនរងគ្រោះទុកទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក iPhone-៦ Plus ពណ៌ទឹកមាស លេខសុីម ០១០ ៦៩៦៩៨៨,ម៉ាក Huawie ពណ៌ខៀវ លេខស៊ីម ០១១ ៧២៧៤៨៨ ក្នុងកាបូប ពណ៌ក្រហម ស្ពាយពីក្រោយ ដើរទិញឥវ៉ាន់នៅផ្សារច្បារអំពៅ (ចំណុចកើតហេតុ) ស្រាប់តែជនសង្ស័យដើរមកជិតបន្លំរូតមាត់កាបូបស្ពាយជនរងគ្រោះ លួចយកទូរស័ព្ទដៃ ០២គ្រឿង រួចគេចខ្លួន តែត្រូវបានជនរងគ្រោះងាកមើលឃើញ ដេញតាមចាប់ជនសង្ស័យ និងដកហូតវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង ៕