ខេត្តកំពង់ធំ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ហើយទំនងជាក្តៅក្នុងខ្លួនពេក ក៏ចុះទៅងូតទឹកក្នុងស្ទឹងសែន តែអកុសល បណ្តាលឲ្យលង់ទឹកស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង០៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចទឹកស្ទឹងសែន ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។ជនរងគ្រោះដែលលង់ទឹកស្ទឹងសែនស្លាប់នេះ មានឈ្មោះ គឹង ចម្រើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។


ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសលវិច័យសពជនរងគ្រោះ រួបបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ។ មូលហេតុមកពីជនរងគ្រោះស្រវឹងស្រាជោកជាំ លុះពេលចុះទៅងូតទឹកក្នុងស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។ បន្ទាប់មកសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕